(អាមេរិក)៖ ទីបំផុតនាពេលឆាប់ខាងមុខនេះ កែវយឺតអវកាស Kepler នឹងមានដៃគូហើយ ដោយកែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាស NASA នឹងត្រូវបាញ់បង្ហោះឡើង ទៅកាន់ទីអវកាសក្នុងរយៈពេល ០១សប្តាហ៍ទៀត ដើម្បីតាមប្រមាញ់រកភពអេលៀន ជាមួយនឹងរៀមច្បងរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
ដើម្បីរុករកភព TESS នឹងប្រើប្រាស់វិធីសាស្រ្តមានឈ្មោះថា «Transit» ដែលកត់សម្គាល់មើលភាពខ្សោយចុះពន្លឺតូចៗ នៅពេលដែលភពមួយគោចរកាត់ពីមុខផ្កាយមេរបស់វា។ មធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តដូចគ្នា ដែលត្រូវបានប្រើប្រាស់ដោយកែវយឺតអវកាស Kepler របស់ NASA ដែលមកទល់ពេលនេះ បានរកឃើញ (នៅក្រៅប្រព័ន្ធផ្កាយរបស់យើង) ពីរភាគបីនៃភពអេលៀនទាំង ៣,៧០០ភព ដែលគេបានស្គាល់។
អ្វីដែលនឹងខុសគ្នារវាងកែវយឺតប្រមាញ់ភពទាំងពីរនេះគឺថា តំបន់នៃការរុករកភពរបស់ Kepler ភាគច្រើនស្ថិតនៅយ៉ាងតិចរាប់រយឆ្នាំពន្លឺពីផែនដី ខណៈ TESS នឹងមានគោលដៅតាមស្វែងរកភពណា ដែលនៅជិតល្មម អាចឲ្យឧបករណ៍ផ្សេងទៀត ធ្វើការស្រាវជ្រាវស៊ីជម្រៅបាន ជាពិសេសនោះគឺសម្រាប់កែវយឺតអវកាសជំនាន់ថ្មីរបស់ NASA គឺ James Webb Space Telescope តម្លៃ ៨.៨ពាន់លានដុល្លារ ដែលទើបត្រូវបានពន្យាពេលបាញ់បង្ហោះសាជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២០វិញ។
គួរជម្រាបថា កែវយឺតអវកាស TESS នឹងចំណាយពេលយ៉ាងតិច ០២ឆ្នាំ នៅគន្លងអវកាស ដែលចំណុចឆ្ងាយបំផុត គឺនៅចម្ងាយ ៣៧៣,០០០គីឡូម៉ែត្រពីផែនដី និងជិតបំផុតចម្ងាយ ១០៨,០០០គីឡូម៉ែត្រ។ គេនឹងរំពឹងថា ភពមានគន្លងត្រឹមត្រូវអាចនឹងត្រូវរកឃើញ និងបញ្ជាក់បន្ថែម ដែលជាទ្វារឲ្យវិទ្យាសាស្ត្រ អាចវិភាគរកឃើញភពដែលអាចទ្រទ្រង់ជីវិត នៅក្នុងទម្រង់ណាមួយជាមិនខាន៕