(ប៉េកាំង)៖ ប្រទេសចិនបានប្រកាស ហាមឃាត់ការនាំចេញ ទៅប្រទេសកូរ៉េខាងជើង នូវផលិតផលដែលអាចប្រើប្រាស់ សម្រាប់ការផលិតអាវុធប្រល័យលោក នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទូរទស្សន៍ជប៉ុន NHK ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានលើកឡើងថា ការដាក់ទណ្ឌកម្មបន្ថែម ដែលសម្រេចកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ស្របតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។
រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ផលិតផលដែលត្រូវបានហាមឃាត់មាន ៣២ប្រភេទ ក្នុងនោះរួមមានឧបករណ៍វាស់ស្ទង់គ្រោះរញ្ជួយដី ឧករណ៍វាស់ថាមពលនុយក្លេអ៊ែរ និងកម្មវិធី software ដើម្បីគណនាសារធាតុវិទ្យុសកម្ម។
អ្នកនាំពាក្យក្រសួងការបរទេស លោក ចេង ហ្ស័ង (Geng Shuang) បានលើកឡើងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិនបានអនុវត្តតាមសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ទាក់ទងនឹងប្រទេស កូរ៉េខាងជើង ដោយប្រើប្រាស់នូវវិធានការហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីបំពេញតួនាទីរបស់ខ្លួនលើឆាកអន្តរជាតិ៕