(កង់បេរ៉ា)៖ ក្រសួងការពារជាតិអូស្រ្តាលី ទីបំផុតទទួលបានយន្តហោះចម្បាំងជំនាន់ថ្មី F-35A ចំនួន ០៣គ្រឿងថែមទៀត បញ្ចូលទៅក្នុងជួរកងទ័ពអាកាសរបស់ខ្លួន ហើយពួកវាទាំងអស់ សុទ្ធតែមានសមត្ថភាពពេញលេញ ក្នុងការប្រយុទ្ធ ដែលសូម្បីតែយន្តហោះចម្បាំង F-35 មួយចំនួនរបស់សហរដ្ឋអាមេរិក ក៏នៅមិនទាន់មានសមត្ថភាពពេញលេញដូច F-35 នេះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោកស្រី ម៉ារ៉ៃស៍ ផេយណេ (Marise Payne) បានថ្លែងឲ្យដឹងថា «យន្តហោះថ្មីៗទាំងនេះ គឺត្រូវគ្នាជាមួយប្រព័ន្ធ Software ចុងក្រោយបំផុតនៃកម្មវិធីអភិវឌ្ឍន៍ F-35 ដែលអនុញ្ញាតឲ្យយន្តហោះចម្បាំងជំនាន់ថ្មីនេះ ប្រើប្រាស់សក្តានុពលប្រយុទ្ធរបស់វា បានយ៉ាងពេញលេញនៅក្នុងពេលប្រយុទ្ធរួមមានទាំងប្រព័ន្ធសព្វាវុធ និងមីស៊ីល ព្រមទាំងសមត្ថភាពហោះហើរ»។
បច្ចុប្បន្នកងទ័ពអាកាសអូស្រ្តាលីមានយន្តហោះចម្បាំងធុន F-35A សរុបចំនួន ០៥គ្រឿង សិនប៉ុណ្ណោះ ហើយទោះបីជាយន្តហោះ ០៥គ្រឿងនេះ ជាកម្មសិទ្ធិរបស់ទីក្រុងកង់បេរ៉ាក៏ដោយ ពួកវាទាំងអស់កំពុងឈរជើង នៅឯកងទ័ពអាកាសអាមេរិក Luke ក្នុងរដ្ឋអារីហ្សូណា ដើម្បីទុកឱកាសឲ្យអាកាសយានិកអូស្រ្តាលី ធ្វើការហ្វឹកហាត់ បញ្ជាក៏ដូចជាប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី ៥ នេះ។
យ៉ាងណាមិញអូស្រ្តាលី ពុំមែនជាដៃគូអន្តរជាតិដំបូងគេ ដែលមានយន្តហោះចម្បាំង F-35 ភ្ជាប់ជាមួយប្រព័ន្ធ Block 3F ដោយជោគជ័យនោះឡើយ សហរដ្ឋអាមេរិក ក៏មានយន្តហោះចម្បាំង F-35 ដែលមានប្រព័ន្ធនេះផងដែរ ប៉ុណ្ណោះក្នុងចំណោមនោះ គឺ F-35C របស់កងទ័ពជើងទឹកអាមេរិក ត្រូវគេរំពឹងថា ទាន់អាចសម្រេចជាស្ថាពរនូវការធ្វើតេស្តប្រព័ន្ធ Block 3F បាននៅពេលឆាប់ៗនេះឡើយ គឺយ៉ាងហោចណាស់ ក៏ដល់ចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ខាងមុខដែរ។
គួរជម្រាបថា យន្តហោះ F-35 របស់អូស្រ្តាលីត្រូវគេកំណត់ថា នឹងមកដល់ប្រទេសរបស់ខ្លួននៅមុនដំណាច់ឆ្នាំនេះ ហើយក្រុមហ៊ុនអាមេរិក Lockheed Martin ក៏ត្រូវប្រគល់យន្តហោះ F-35 ដល់ទីក្រុងកង់បេរ៉ា ០៥គ្រឿង ថែមទៀតឲ្យបានមុនចូលឆ្នាំ២០១៩ ផងដែរ ខណៈរដ្ឋាភិបាលអូស្រ្តាលី បានព្រមព្រៀងទិញយន្តហោះ F-35A សរុបចំនួន ៧២គ្រឿង៕