លោក ដូណាល់ ត្រាំ ចង់ជួបជាមួយលោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនា
10-04-2018 09:17
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថា នឹងអាចជួបជាមួយ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
«យើងនឹងជួបជាមួយពួកគេ នៅខែឧសភា ឬនៅដើមខែមិថុនាហើយខ្ញុំគិតថា វានឹងក្លាយជាការគោរពយ៉ាងអស្ចារ្យ ទៅវិញទៅមករវាងភាគីទាំងពីរ»។ នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ នៅក្នុងជំនួបជាមួយមន្ត្រីរបស់លោក កាលពីថ្ងៃចន្ទ ជាមួយការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អាចនឹងស្វែងរកកិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានធូរសា្រលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាលពីខែមីនា លោក ត្រាំ និងលោក គីម បានយល់ព្រមថា នឹងជួបពិភាក្សាគ្នា ប៉ុន្តែពេលវេលា និងទីតំាងនៃជំនួបមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។ ម្យ៉ាង វិញទៀតទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក៏បានឯកភាពដែរថា រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅថ្ងៃទី២៧ ខែមេសានេះ ដែលវា នឹងក្លាយជំនួបដំបូងបំផុតនារយៈពេល ១១ឆ្នាំ មកនេះ៕