(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ជាថ្មីម្ដងទៀតបានព្រមានចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ហើយថាទីក្រុងវ៉ាស៊ីនតោននឹងស្ដាយក្រោយ បើសិនជាហ៊ានធ្វើបែបនោះមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធី«ទិវាជាតិបច្ចេកវិទ្យានុយក្លេអ៊ែរ»នៅថ្ងៃចន្ទនេះ លោក Rouhani បានលើកឡើងដូច្នេះថា៖«បើសិនជាកិច្ចព្រមព្រៀង ត្រូវបានបំផ្លាញ ប្រាកដណាស់ ពួកគេ (​សហរដ្ឋអាមេរិក) នឹងត្រូវសោកស្ដាយជាទីបំផុត...ដ្បិតយើងនឹងធ្វើការឆ្លើយតបទៅវិញយ៉ាង ខ្លាំង ដែលពួកគេមិនអាចនឹងស្មានដល់ ហើយពួកគេអាចនឹងទទួលចម្លើយតបនេះ នៅប៉ុន្មានសប្ដាហ៍ទៀតក៏ថាបាន»។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់ក៏បានបង្ហាញផងដែរពីសមិទ្ធិផលចំនួប៨៤ ក្នុងវិស័យនុយក្លេអ៊ែររបស់ខ្លួនក្នុងនោះរួមមានបច្ចេកវិទ្យា នុយក្លេអ៊ែរសម្រាប់ឧស្សាហកម្មប្រេង និងថាមពលអគ្គិសនីជាដើម៕