(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ូស្គូហើយ ដើម្បីធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ី នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន NHK ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ។

លោក Ri Yong Ho បានបង្ហាញក្តីរំពឹងថា នឹងបានរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃអង្គារខាងមុខ។ តែអ្វីដែលមជ្ឈដ្ឋានទូទៅចង់ដឹងបំផុតនោះគឺថាតើ រដ្ឋមន្ត្រីការបរទេសរូបនេះ នឹងធ្វើកិច្ចជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ដែរឬទេ ក្នុងអំឡុងដែលលោកកំពុងស្ថិតនៅលើទឹកដីនៃប្រទេស រុស្ស៊ី។

អ្នកអង្កេតការណ៍ស្ថានភាពកូរ៉េខាងជើង បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ព្យាយាមទាក់ទាញការគាំទ្រពីសំណាក់បណ្តាប្រទេសដទៃទៀតនៅមុនកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីធានាបាននូវការសុវត្ថិភាពអំណាចមេដឹកនាំ គីម និងដើម្បីបង្ការការគំរាមកំហែងដោយយោធាពីសំណាក់ភាគីណាមួយ។ អ្នកអង្កេតទាំងនោះបានលើកឡើងថា រុស្ស៊ី បានស្តែងអោយឃើញថា ខ្លួនមានបំណងចង់ដាក់ឥទ្ធិពលទៅលើប្រទេស កូរ៉េខាងជើង៕