Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អារ៉ាប៊ីសាអូឌីត នឹងបញ្ចំាងខ្សែភាពយន្ដជាលើកដំបូងបំផុត នៅឯមហោស្រពភាពយន្ដក្នុងប្រទេសបារាំង

09-04-2018 22:31

(ប៉ារីស)៖ រដ្ឋមន្ត្រីវប្បធម៌អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Awwad Alawwad នៅថ្ងៃចន្ទនេះ បានមានព្រះបន្ទូលថាអារ៉ាប៊ីសាអូឌីតនឹង បង្ហាញខ្សែភាពយន្ដរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជាង៣៥ឆ្នាំមកនេះ នៅឯមហោស្រពភាពយន្ដ រៀបចំឡើងនៅទីក្រុង Cannes ប្រទេសបារាំង នៅខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

ព្រះអង្គម្ចាស់ Awwad Alawwad មានបន្ទូលបែបនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគីបារាំង លោកស្រី Francoise Nyssen ក្នុងទីក្រុងប៉ារីស។ ព្រះអង្គមានបន្ទូលដូច្នេះថា៖ «យើងពិតសប្បាយរីករាយណាស់...ដែលវានឹងក្លាយជាការចូលរួមផ្លូវការ លើកដំបូងបំផុតនៅឯមហោស្រពយន្ដរៀបចំឡើងនៅទីក្រុង Cannes»។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ អារ៉ាប៊ីសាអូឌីត បានប្រកាសពីគំរោងរបស់ខ្លួនក្នុងការវិនិយោគប្រាក់ជាង៦៤ពាន់លានដុល្លារ លើគំរោង កសាងរោងភាពយន្ដជាលើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេស៕