(ម៉ានីល)៖ ខណៈទំនាក់ទំនងជាមួយអាមេរិក ហាក់នៅតែមិនឃើញពន្លឺទៅរកភាពល្អប្រសើរឡើងវិញនោះ លោក ឌូតឺតេ នៅតែបន្តងាករេចង្កូតទៅកាន់ប្រទេសចិន ដោយនៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ បុរសខ្លាំងកណ្តាប់ដៃដែក កំពុងកម្ទេចឧក្រិដ្ឋកម្មគ្រឿងញៀនរូបនេះ បានអះអាងថា លោកចង់ឃើញទំនាក់ទំនងចិន-ហ្វីលីពីន «រីកស្រស់បំព្រងដូចផ្កា» តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មាន មុនចេញដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ច Boao សម្រាប់តំបន់អាស៊ី (BFA) ដែលប្រារព្ធឡើងនៅខេត្តហៃណាន ប្រទេសចិននោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានសង្កត់ធ្ងន់ដែរថា «នៅពេលនេះ ប្រទេសហ្វីលីពីនត្រូវការចិន ជាងអ្វីៗផ្សេងទៀត...»។ លោកក៏បានអះអាងថា ទំនាក់ទំនងចិន-ហ្វីលីពីន គឺនឹងរីកដូចផ្កា ក្នុងទំហំយ៉ាងធំ ព្រមទាំងស្រស់ស្អាតផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក ឌូតឺតេ បានបញ្ជាក់បន្ថែមទៀតថា «ការផ្សាភ្ជាប់ជាសកល នៃប្រទេសរបស់យើង ទៅលើគ្រប់ទិដ្ឋភាព នៃអភិបាលកិច្ចនឹងកើតមាន ហើយយើងត្រៀមខ្លួនជានិច្ចដើម្បីសហការក្នុងការជួយគ្នា ទៅវិញទៅមក»។ លោក ឌូតឺតេ ក៏អរគុណប្រទេសចិនជាថ្មីម្តងទៀតផងដែរ នៅក្នុងការជួយរដ្ឋបាលរបស់លោក ហើយចិនពិតជាដៃគូសំខាន់បំផុត នៅក្នុងមហិច្ឆតាកសាងហេដ្ឋារចនាសម្ព័ន្ធរាប់លានបន្ថែមទៀត៕