(គូឡាឡាំពួរ)៖ បន្ទាប់ពីប្រកាស​រំលោយសភា កាលពី​ថ្ងៃសៅរ៍​កន្លងទៅ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានចាប់ផ្ដើមយុទ្ធនាការ ស្វែង​រកសម្លេងគាំទ្រ​របស់លោក​ហើយ ដោយបាន​សន្យាជាច្រើន​ចំនុចថា លោកនឹងធ្វើឲ្យជីវភាពប្រជាជន​ម៉ាឡេស៊ី កាន់តែប្រសើរ​ឡើង បើសិនជាលោក​ជាប់ឆ្នោត​សាជាថ្មី នាអាណត្តិទី ៣។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

ក្រុមកម្លាំង​នយោបាយចម្រុះ​របស់លោក ណាជីប គឺ United Malay National Organisation (UMNO) ដែលបាន​គ្រប់គ្រង​ប្រទេស ម៉ាឡេស៊ី គិតចាប់ពីទទួល​បានឯករាជ្យ​មក កាលពី​ឆ្នាំ១៩៥៧ កំពុងរំពឹងថា អាចនឹងត្រឡប់មកកាន់អំណាច​សាជាថ្មី នៅក្នុងការ បោះឆ្នោត​ដែលនឹងត្រូវរៀបចំឡើង នៅប៉ុន្មានសប្ដាហ៍​ខាងមុខទៀតនេះ។

ប៉ុន្តែទន្ទឹមគ្នា អ្នកជំនាញមួយ​ចំនួន​ដូចជា លោក Peter Mumford មកពីក្រុមហ៊ុន​ប្រឹក្សា​យោបល់ Eurasia Group យល់ថា រឿងអាស្រូវពុករលួយ​របស់លោក ណាជីប អាចនឹងធ្វើឱ្យ​ប៉ះពាល់ ដល់ការទាក់ទាញ​សំឡេងគាំទ្រ ពីប្រជាជនម៉ាឡេស៊ី ជាពិសេស​នៅក្នុង រដ្ឋ Johor។ «បើសិនជារដ្ឋ Johor ធ្លាក់ក្រោម​ការគ្រប់គ្រង របស់គណបក្ស​ប្រឆាំង វាអាចនឹងបំផ្លាញអំណាច​នយោបាយរបស់ លោក ណាជីប និងទំនឿទុកចិត្ត​នៅក្នុង UMNO ខណៈប្រជាជន​ម៉ាឡេស៊ី​កំពុងខឹងសម្បារ​​នឹងលោក ពាក់ព័ន្ធនឹងរឿង​អាស្រូវ​ពុករលួយ រាប់​លានដុល្លារ»។ នេះបើតាមសម្តី លោក Peter Mumford។

គួររំលឹកថា នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានប្រកាស​រំលាយសភាជាតិ​ម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ដើម្បីត្រួសត្រាយផ្លូវ​​សម្រាប់ការ​​បោះឆ្នោតជាតិ ក្នុងរយៈពេល​​កំណត់មិនឲ្យលើស ៦០ថ្ងៃ។ ពលរដ្ឋ​ម៉ាឡេស៊ី ទាំងអស់នឹងត្រូវបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រចំនួន ២២២រូប ដើម្បីទៅអង្គុយ​នៅក្នុង​សភាជាតិ ដែល​ម៉ាឡេស៊ីហៅថា ដេវ៉ាន់ រ៉ាក់យ៉ាត (Dewan Rakyat)៕