(ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡានដ៏ធំបំផុតនៅអាស៊ី Alibaba នៃកំពូលមហាសេដ្ឋីចិន លោក Jack Ma បានបង្កើតការងារដល់ទៅជាង ៣៦.៨លានកន្លែង កាលពីឆ្នាំទៅមិញនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
បណ្តាញវែបសាយលក់ទំនិញអនឡាញជាច្រើន ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba រួមមានដូចជា Tmall និង Taobao ជាដើមនោះ ដែលទទួលបន្ទុកអតិថិជនជាង ៥០០លាននាក់ បានផ្តល់ការងារប្រមាណ ១៤.០៥លានកន្លែង ដល់បណ្តាញអ្នកលក់ទំនិញបន្តតាមអនឡាញ កាលពីឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់សាកលវិទ្យាល័យចិន Renmin។
គួរជម្រាបថា សម្លៀកបំពាក់ និងវាយនភណ្ឌ ក៏ដូចជាបរិក្ខាចាំបាច់ប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គឺជាទំនិញកំពូលៗទាំង ៣ ដែលបានផ្តល់ឱកាសការងារច្រើនជាងគេ។ ម៉្យាងវិញទៀត អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Alibaba បានកើនឡើងដល់ទៅ ៥៦ភាគរយ ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំ២០១៧ផងដែរ៕