(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថា យន្ដហោះចម្បាំងអ៊ីស្រាអែលធុន F-15 ពីរគ្រឿងគឺជាអ្នកដឹកនាំ ការវាយប្រហារដោយគ្រាន់មីស៊ីល លើមូលដ្ឋានទ័ពអាកាសស៊ីរី T-4 ក្នុងទីក្រុងហូម (Homs) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានរដ្ឋាភិបាលស៊ីរីថា នឹងតបស្នងមកវិញយ៉ាងសាកសម ចំពោះការប្រើប្រាស់អាវុធគីមី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះចម្បាំងអ៊ីសា្រអែល F-15 ពីរគ្រឿងបានបាញ់មីស៊ីល ០៨គ្រាប់ លើមូលដ្ឋានទ័ពអាកាសស៊ីរី T-4 ប៉ុន្តែមីស៊ីល ០៥គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងទ័ពអាកាសស៊ីរី»។
បន្ថែមពីលើនេះ បើតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះចម្បាំងអ៊ីសា្រអែល មិនបានហោះចូលក្នុងដែនអាកាសស៊ីរីនោះទេ តែពួកគេបានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីល នៅអំឡុងពេលហោះហើរលើប្រទេសលីបង់ ដោយបានផ្ដាច់យកអាយុ ជីវិតមនុស្សសរុប ១៤នាក់ ក្នុងនោះរួមមានទាំងក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់ផងដែរ។
សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថា មនុស្សយ៉ាងហោចណាស់ ៧០នាក់ មានទាំងកុមារ និងស្ត្រីបានស្លាប់នៅក្នុងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Douma ខណៈមនុស្សច្រើនជាង ៥០០នាក់ ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកឯ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា កងទ័ពស៊ីរីគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយអាវុធគីមីនេះ បើទោះជាទីក្រុងដាម៉ាស់បដិសេធក៏ដោយ៕