(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) នាថ្ងៃចន្ទនេះត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទពុករលួយ រួមមានការសូកប៉ាន់ ការកេងបន្លំថវិកា និងការគេចវេសមិនបង់ពន្ធជាដើម ដែលទោសកំហុសទាំងអស់ បើសិនជាតុលាការរកឃើញ លោក លី ពិតជាប្រព្រឹត្តមែននោះ លោកនឹងអាចជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
ការិយាល័យរដ្ឋអាជ្ញា នៃទីក្រុងសេអ៊ូល បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញថា លោក Lee គឺជាម្ចាស់ពិតប្រាកដ នៃក្រុមហ៊ុន DAS ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក បន្ទាប់ពីបានបើកការស៊ើបអង្កេត អស់រយៈពេល ០៣ខែ កន្លងមកនេះ។
តាមរយៈក្រុមហ៊ុន DAS ដែលលោក Lee បានកាន់កាប់ដោយខុសច្បាប់ ក្រោមឈ្មោះកម្ចីនោះ អតីតមេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានកេងបន្លំថវិកាប្រមាណ ៣៤.៩ពាន់លានវ៉ុន (៣២.៧លានដុល្លារ) និងបានគេចមិនបង់ពន្ធសាជីវកម្ម ក្នុងចំនួនប្រហែល ៣.១ពាន់លានវ៉ុន (២.៩លានដុល្លារ)។
ក្រៅពីនេះ លោក Lee ត្រូវគេសង្ស័យថា បានទទួលសំណូកជាទឹកប្រាប់ចំនួន ៥.៨៥លានដុល្លារ ពីក្រុមហ៊ុន Samsung ថែមទៀតផង ខណៈលោកក៏ត្រូវគេជឿជាក់ថា បានទទួលលុយរាប់លានដុល្លារ ពីបណ្តាពាណិជ្ជករ និងអ្នកនយោបាយនៅក្នុងប្រទេស ជាថ្នូរនឹងការជួយជ្រោមជ្រែងផ្នែកនយោបាយ ព្រមទាំងអាជីវកម្មផងដែរ។
គួរជម្រាបថា លោក Lee ត្រូវបានឃាត់ខ្លួនកាលពីអំឡុងចុងខែមីនា កន្លងទៅនេះ ហើយចាប់តាំងពីពេលនោះមក លោក បានបដិសេធមិនព្រមឲ្យរដ្ឋអាជ្ញាកូរ៉េខាងត្បូង ធ្វើការសាកសួរឡើយ ដោយលោក Lee បានច្រានចោទរាល់ការចោទប្រកាន់ទាំងអស់ និងបានថ្កោលទោសការស៊ើបអង្កេតនេះថា ជាការសងសឹកពីរដ្ឋាភិបាល លោក មូន ជែអ៊ីន។
បើតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង សវនាការទាក់ទិននឹងសំណុំរឿងពុករលួយ របស់លោក Lee ត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅខែក្រោយនេះ ហើយប្រសិនបើតុលាការរកឃើញថា មានកំហុសដូចការចោទប្រកាន់ទាំងអស់មែននោះ លោក Lee Myung-ban អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕