(ប៉េកាំង)៖ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក បាន គីមូន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សានាយកនៃវេទិកា Boao (BFA) សម្រាប់តំបន់អាស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
យោងតាម CGTN លោក ចូវ ហ្ស័នឈាន់ (Zhou Xiaochuan) អតីតអភិបាលធនាគារប្រជាជនចិន ក៏ត្រូវបានគេជ្រើសរើសឱ្យកាន់តំណែងជា ប្រធានក្រុមតំណាងឱ្យប្រទេសចិន និងជាអនុប្រធាននៃវេទិកា Boao នេះផងដែរ ខណៈអនុរដ្ឋមន្ត្រីការបរទេស លោក លី ប៉ាវទុង (Li Baodong) បានជាប់ឆ្នោតជាអគ្គលេខាធិការ។
គួរបញ្ជាក់ថា វេទិកា Boao ឬវេទិកាសេដ្ឋកិច្ច មានគំរូដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ ដែលបាននិងកំពុងប្រពឹ្រត្តទៅពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១១ ខែមេសា នៅក្នុងទីក្រុង Boao ស្ថិតនៅភាគខាងត្បូងនៃ ហៃណាន (Hainan) ប្រទេសចិន។
វេទិកា Boao សម្រាប់ទ្វីបអាស៊ី គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលទទួលរៀបចំវេទិកាជាន់ខ្ពស់ សម្រាប់អ្នកដឹកនាំមកពីរដ្ឋាភិបាលវិស័យជំនួញ និងសាកលវិទ្យាល័យនានានៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដើម្បីចែករំលែកចក្ខុវិស័យរបស់ពួកគេ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងសកម្មបំផុត៕