(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានសម្តែងក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីករណីប្រើប្រាស់អាវុធគីមី ដែលអាចកើតមានឡើង នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់ប្រមុខដឹកនាំ UN គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការកំពុងមានក្តីកង្វល់យ៉ាងខ្លាំង ចំពោះការផ្ទុះអំពើហិង្សានៅក្នុងឯក្រុង ឌួម៉ា (Douma) នៃតំបន់ ហ្គួតា (Ghouta) ខាងកើត ក្នុងអំឡុងពេល ៣៦ម៉ោង ចុងក្រោយនេះ បន្ទាប់មើលទៅហាក់មានភាពស្ងប់ស្ងាត់ មួយរយៈទៅហើយនោះ។ អ្វីដែលសំខាន់នោះ គឹលោក Guterres មានការភ័យព្រួយជាពិសេស ដោយសារការសង្ស័យថា អាវុធគីមី ត្រូវបានប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលនៅ Douma ដោយកុមារៗក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះ។
គួរជម្រាបថា បើតាមការអះអាងពីសកម្មជនរបស់ក្រុមប្រឆាំង និងភ្នាក់ងារជួយសង្រ្គោះនៅក្នុងតំបន់ មនុស្សយ៉ាងតិច ៤០នាក់ នៅក្នុងទីក្រុង Douma ដែលជាតំបន់កាន់កាប់ចុងក្រោយ របស់ពួកឧទ្ទាមប្រចាំនៅតំបន់ Ghouta ខាងកើត ជាប់ជាយក្រុងដាម៉ាស់ ដែលជារដ្ឋធានីរបស់ស៊ីរី បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយកាលពីថ្ងៃសៅរ៍ ដែលពេលនោះកងទ័ពស៊ីរី បានប្រើប្រាស់ឧស្ម័នគីមីក្លរីន។ ជុំវិញការចោទប្រកាន់នេះ រដ្ឋាភិបាលស៊ីរី ច្បាស់ណាស់គឺបានទាត់ចោល ដោយថាវាគឺជារឿងត្រូវគេប្រឌិតឡើង។
ទាក់ទិននឹងរឿងខាងលើ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ក៏នឹងកោះប្រជុំបន្ទាន់មួយផងដែរ នាថ្ងៃចន្ទសប្តាហ៍នេះ៕