(រ៉ង់ហ្គូន)៖ គ្រោះរញ្ជួយដីកម្រិតបង្គួរ ៤.៩រ៉ិចទ័រ បានវាយប្រហារចំតំបន់ម៉ាន់ដាល័យ (Mandalay) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
គួរជម្រាបថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ គឺស្ថិតនៅចម្ងាយ ៩.៦គីឡូម៉ែត្រ ភាគឦសានក្រុងស៊ីងហ្គូ (Singu) ជាមួយជម្រៅ ០៥គីឡូម៉ែត្រ ក្រោមផ្ទៃដី។ យ៉ាងណាមិញ នាខណៈពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថា តើមានមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញក្នុងទំហំប៉ុណ្ណានោះឡើយ ដែលបង្កឡើងដោយហេតុការណ៍រញ្ជួយផែនដីនេះ៕