(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងលើកាសែត Washington Post សម្រាប់ការចុះផ្សាយអត្ថបទដែលថា ប្រធានការិយាល័យសេតវិមាន លោក ចន ឃែលី (John Kelly) មានឥទ្ធិពលតិចតួច ក្នុងការបំពេញការងារ និងជម្លោះរវាងអ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
យោងតាម វ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) លោក John Kelly ត្រូវបានគេគំរាមបណ្ដេញចេញពីតំណែង ដោយសារតែមានជម្លោះជាមួយ លោក ដូណាល់ ត្រាំ ប៉ុន្តែប្រធានាធិបតីរូបនេះ បានអះអាងថា វាគឺជាព័ត៌មានមិនពិត។ «មកទល់ពេលនេះហើយ Washington Post នៅតែផ្សាយព័ត៌មានប្រឌិតជាជាងការពិត... ហើយតែងតែដកស្រង់ភពដែលគ្មានឈ្មោះ។ រឿងរបស់ John Kelly គឺជារឿងមិនពិត»។ នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យ។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយដែល លោក ដូណាល់ ត្រាំ រិះគន់លើសារព័ត៌មានអាមេរិក ពោលគឺកាលពីឆ្នាំទៅ លោកក៏ធ្លាប់បានរិះគន់ប្រព័ន្ធផ្សាព្វផ្សាយអាមេរិកជាច្រើន ក្នុងនោះរួមទាំង Washington Post ផងដែរថា ចុះផ្សាយតែព័ត៌មានមិនពិត និងចូលចិត្តសរសេរពីភាពអវិជ្ជមានរបស់លោក។ លើសពីនេះទៅទៀត បើតាមសេតវិមាន លោក ត្រាំ គ្មានគំរោងចូលរួមក្នុងពិធី អាហារពេលល្ងាចជាមួយអ្នកសារព័ត៌មាន នៅក្នុងឆ្នាំនេះឡើយ ក្រោយលោកបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលមិនបានចូលរួមក្នុងពិធីនេះកាលពីឆ្នាំ២០១៧ គិតចាប់តាំងពីឆ្នាំ១៩៨១មក៕