(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់កឺប៊ឺក (Mark Zuckerberg) នឹងជួបជាមួយអ្នកតាក់តែងច្បាប់មួយចំនួនរបស់អាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ពោលគឺនៅមួយថ្ងៃមុនលោក ត្រូវចូលផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក តាមការកោះហៅ ជុំវិញការប្រើប្រាស់ដោយមិនត្រឹមត្រូវ នៃទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ជិត ៩០លាននាក់ ដោយក្រុមហ៊ុនប្រឹក្សានយោបាយមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
យោងតាមប្រភពពីមន្រ្តីនៅក្នុងសភាអាមេរិក គម្រោងជួបពិភាក្សាគ្នានេះ នឹងប្រព្រឹត្តទៅនៅឯវិមាន Capitol Hill ដែលនឹងធ្វើឡើងរហូតដល់រសៀលថ្ងៃចន្ទសប្តាហ៍នេះហើយ រួមមាននូវវត្តមានរបស់សមាជិកមួយចំនួន នៃគណៈកម្មាធិការផ្សេងៗរបស់សភាអាមេរិក ដែលលោក Zuckerberg ត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខនោះ។
គួរជម្រាបថា ក្រុមហ៊ុន Facebook បានធ្លាក់ផុងក្នុងរណ្តៅបញ្ហាកាន់តែខ្លាំង កាលពីពេលថ្មីៗនេះ ក្រោយពីខ្លួនបានទទួលស្គាល់ថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់រហូតដល់ ៨៧លាននាក់ ដែលភាគច្រើនក្នុងនោះនៅសហរដ្ឋអាមេរិក ប្រហែលជាត្រូវបានប្រមូលយកដោយមធ្យោបាយត្រឹមត្រូវ ដោយក្រុមហ៊ុនប្រឹក្សាផ្នែកនយោបាយរបស់អង់គ្លេស Cambridge Analytica។ ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យម្នាក់របស់ Facebook ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ ក៏គ្រោងចាប់ផ្តើមជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងឡាយ ដែលបានប៉ះពាល់ក្នុងបញ្ហានេះ នៅថ្ងៃចន្ទសប្តាហ៍នេះផងដែរ៕