(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថា អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ម៉ៃឃើល អានតុន (Michael Anton) មានគំរាងលាលែងពីតំណែង ហើយដែលនេះនឹងធ្វើឱ្យលោក ក្លាយជាបុគ្គលិកចុងក្រោយគេ ដែលចែកផ្លូវគ្នា ជាមួយរដ្ឋបាលលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសខាងលើរបស់សេតវិមានកាលពីថ្ងៃអាទិត្យ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក John Bolton ឡើងកាន់ តំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី នៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ «ជារៀងរាល់ថ្ងៃ ខ្ញុំបានធ្វើការងារជាមួយ លោក Michael ហើយវាគឺជាពេលវេលាមួយដ៏ល្អ... យើងនឹងនឹករូបគាត់ជាទីបំផុត»។ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា ហេតុអ្វីបានជាលោក Michael Anton លាលែងពីតំណែងនោះទេ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមីនា សេតវិមានបានប្រកាសពីការចាកចេញ របស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster ដើម្បីទុកកន្លែងឱ្យលោក John Bolton អង្គុយតំណែងនេះជំនួសវិញ ខណៈគេរំពឹងថា បុរសរូបនេះនឹងបង្កើនគោលនយោបាយអាមេរិកកាន់តែខ្លាំង៕