(អាមេរិក)៖ បើតាមការធ្វើស្ទង់មតិថ្នាក់ជាតិថ្មីមួយ នៅឯសហរដ្ឋអាមេរិកមានតែយុវវ័យដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ២៤ឆ្នាំ ត្រឹមតែ ៦៦ភាគរយប៉ុណ្ណោះ ដែលមានការប្រាកដប្រជាក្នុងចិត្តថា ពិភពលោករបស់យើង គឺមានរាងមូលដូចបាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
យ៉ាងណាមិញលទ្ធផលខាងលើនេះ ពុំមែនមានន័យថា បច្ចុប្បន្នអ្នកជឿថាផែនដីមានលក្ខណៈសំប៉ែតរាបស្មើនោះ កំពុងមានចំនួនកើនឡើងខ្លាំងនោះឡើយ ដោយសារតែក្រុមមនុស្សវ័យចន្លោះ ១៨ឆ្នាំ ដល់ ២៤ឆ្នាំ ត្រឹមតែ ០៤ភាគរយប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេពិតជាជឿជាក់ថា ផែនដីរាងសំប៉ែត។
ផ្ទុយទៅវិញក្រុមយុវវ័យជំនាន់ក្រោយនេះ ដែលមានមន្ទិលសង្ស័យ និងមិនប្រាកដក្នុងចិត្តតែម្តងនោះ គឺមានចំនួនច្រើនគួរសម ដោយក្នុងនោះ ០៩ភាគរយ បានលើកឡើងថា ពួកគេតែងតែធ្លាប់ជឿថា ផែនដីមានរាងមូល ប៉ុន្តែទើបតែមានមន្ទិលក្នុងចិត្តនាពេលថ្មីៗនេះ, ០៥ភាគរយបាននិយាយថា ពួកគេតែងតែជឿជាក់ថា ភពរបស់យើងមានរាងសំប៉ែត ប៉ុន្តែក៏បានចាប់ផ្តើមសង្ស័យ ចំពោះការសន្និដ្ឋាននេះ ហើយ ១៦ភាគរយ គឺមិនប្រាកដក្នុងចិត្តតែម្តង។
គួរជម្រាបថា ទស្សនវិជ្ជាដែលយល់ថា ផែនដីសំប៉ែតនោះ គឺមានវត្តមានចាប់តាំងតែពីសតវត្សរ៍ទី ១៩ មកម្ល៉េះ ប៉ុន្តែវាបានចាប់ផ្តើមផ្ទុះឡើងជាថ្មីម្តងនាពេលថ្មីៗនេះ នៅលើបណ្តាញអ៊ីនធើណែត ជាពិសេសនោះគឺនៅលើ YouTube និង Twitter តែម្តង ហើយក្នុងនោះ ក៏មានយុវជនមួយចំនួន បានបង្ហាញក្តីជឿជាក់តែម្តង។ អ្នកដែលប្រកាន់យកទស្សនវិជ្ជានេះ មានជំនឿជឿជាក់ថា ផែនដីរបស់យើងមានរាងជាបន្ទះឌីសសំប៉ែតមួយ ដែលហ៊ុមព័ទ្ធជុំវិញដោយជញ្ជាំងទឹកកក ដ៏ធំមហិមាមួយ ដូច្នេះហើយពួកគេមិនជឿលើកម្លាំងទំនាញឡើយ។
សម្រាប់ការអះអាងថា ផែនដីមានរាងជារង្វង់ (មូល) មិនមែនសំប៉ែតនោះ គឺបានលេចឡើងតាំងពីសម័យក្រិកបុរាណមកម្ល៉េះ ប៉ុន្តែរបកគំហើញ និងការស្រាវជ្រាវជាក់ស្តែងជុំវិញរឿងនេះ គឺបានធ្វើឡើងដោយលោក គ្រីស្តុប កូឡុំ ជនជាតិអ៊ីតាលី ដែលបានចាប់ផ្តើមធ្វើដំណើរឆ្លងកាត់មហាសមុទ្រនានា ដើម្បីពិសោធន៍កាលពីឆ្នាំ១៤៩២៕