(ស៊ីរី)៖ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មូលដ្ឋានយោធាស៊ីរីមួយកន្លែង បានរងការវាយប្រហារដោយគ្រាប់ មីស៊ីល ដែលបានបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស តែមិនទាន់មានការបញ្ជាក់អ្វីលម្អិតនៅឡើយទេ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរី មូលដ្ឋានទ័ពអាកាស T-4 នៅក្នុងទីក្រុងហូម (Homs) បានរងការវាយប្រហារដោយគ្រាប់មីស៊ីល ជាច្រើនគ្រាប់នៅព្រឹកថ្ងៃចន្ទនេះ។ មិនតែប៉ុណ្ណោះ យោធាស៊ីរីក៏ជឿជាក់ដែរថា ការវាយប្រហារនេះទំនងជាអាចធ្វើឡើងដោយ សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យថា ស៊ីរីនឹងត្រូវតបស្នងមកវិញនូវតម្លៃដ៏ធំ ចំពោះការវាយប្រហារដោយអាវុធគីមីសាជាថ្មី ដែលទីក្រុងដាម៉ាស់បានបដិសេធ។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថា មនុស្សយ៉ាងហោចណាស់ ៧០នាក់ មានទាំងកុមារ និងស្ត្រីបានស្លាប់នៅក្នុងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង Douma។ រីឯមនុស្សច្រើនជាង ៥០០នាក់ ទៀតកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយសហរដ្ឋអាមេរិកចោទប្រកាន់ថា កងទ័ពស៊ីរីគឺជាអ្នកទទួលខុសត្រូវចំពោះការវាយ ប្រហារនេះ៕