(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់គួរសម ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តហ្ស៊ីម៉ាណិ (Shimane) ភាគខាងលិចប្រទេសជប៉ុន នៅរំលងអធ្រាតឈានចូលថ្ងៃចន្ទនេះតែម្តង ដោយបានបណ្តាលឲ្យមនុស្ស ០៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។
បើតាមរបាយការណ៍ពីទីភ្នាក់ងារភូមិសាស្ត្រជប៉ុន (JMA) គ្រោះរញ្ជួយដីនោះបានកើតឡើងនៅម៉ោង ១៖៣១នាទីរំលងអធ្រាត (ម៉ោងនៅទីក្រុងតូក្យូ) ឈានចូលថ្ងៃចន្ទសប្តាហ៍ថ្មីនេះ ជាមួយនឹងរំញ័រចេញពីក្នុងដីជម្រៅ ១០គីឡូម៉ែត្រ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ជាងគេនោះ គឺទីក្រុង អូដា (Oda) នៃខេត្ត Shimane ដែលបានបង្កឲ្យមនុស្ស ០៤នាក់ ទទួលរងរបួស ក្នុងនោះក្មេងប្រុសម្នាក់របួសដោយសាររញ្ជួយដី បានអង្រួនឲ្យរូបគេធ្លាក់ពីលើគ្រែដេកតែម្តង។
គួរបញ្ជាក់ថា ក្រៅពីមនុស្សរងរបួសនោះ គឺគ្រោះរញ្ជួយដីខាងលើនេះ មិនបានបង្កជាការខូចខាតធ្ងន់ធ្ងរអ្វីបន្ថែមទៀតនោះឡើយ។ ប្រទេសជប៉ុនត្រូវបានគេដឹងថា ជាដែនដីកោះដែលស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង (Ring of Fire) នៃមហាសាគរប៉ាហ្វិក ដែលងាយនឹងប្រឈមមុខគ្រោះធម្មជាតិសាហាវៗ ដូចជារញ្ជួយផែនដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕