(ហ្សាការតា)៖ អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានបង្ខំចិត្ត បិទទ្វារអាកាសយានដ្ឋានមួយកន្លែង ជាបណ្តោះអាសន្ន ដែលស្ថិតក្នុងខេត្តអាសេ (Aceh) នាថ្ងៃសៅរ៍នេះ បន្ទាប់ពីភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ដែលបានជះកម្អែលផេះឡើងពាសពេញផ្ទៃមេឃ នៅឯខេត្តក្បែរខាង គឺខេត្តស៊ូម៉ាត្រាខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យ នៃក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ីបានឲ្យដឹងថា សេចក្តីជូនដំណឹងស្តីពីការបិទទ្វារអាកាសយានដ្ឋាន Alas Leuser ត្រូវបានចេញនាថ្ងៃសៅរ៍នេះ ហើយហេតុផលនោះ គឺដោយសារតែកម្អែលផេះភ្នំភ្លើង ខណៈការបិទបានចាប់ផ្តើមតាំងពីម៉ោង ១២៖៤៧នាទីរសៀល និងមិនទាន់ដឹងថា បន្តដល់ពេលណាឡើយ។
គួរជម្រាបថា ភ្នំភ្លើង Sinabung ដែលជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៩ នៅឥណ្ឌូណេស៊ី បានផ្ទុះជះកម្អែលផេះឡើង លើផ្ទៃអាកាសរាប់ពាន់ម៉ែត្រកាលពីថ្ងៃសុក្រ ម្សិលមិញ៕