(វ៉ាស៊ីនតោន)៖ លោក ប្លេក ហ្វារែនហូល (Blake Farenthold) ដែលជាតំណាងរាស្រ្តបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានសម្រេចលាឈប់ពីមុខតំណែង ក្រោយពីបានប្រឈមមុខនឹងការស៊ើបអង្កេត រឿងក្រមសីលធម៌ ទៅលើករណីប្រព្រឹត្តិអំពើបៀតបៀនផ្លូវភេទ ដែលបានចោទប្រកាន់មកលើរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
ការសម្រេចចុះចេញពីតួនាទីរបស់អ្នកតំណាងរាស្រ្តអាមេរិករូបនេះ បានកើតឡើង បន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកក្រមសីលធម៌ នៃសភាតំណាងរាស្រ្តអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួនកំពុងបើកការស៊ើបអង្កេតទៅលើលោក Farenthold ជុំវិញរឿងអាស្រូវចោទប្រកាន់មកលើរូបលោក ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ ការរើសអើង ការប្រព្រឹត្តសកម្មភាពសងសឹក ដែលជាប់ទាក់ទិននឹងអតីតបុគ្គលិកស្រីម្នាក់របស់លោក។
គួរជម្រាបថា លោក Blake Farenthold វ័យ ៥៦ឆ្នាំ គឺជាបុគ្គលចុងក្រោយបំផុត ក្នុងចំណោមតំណាងរាស្ត្រអាមេរិកមួយចំនួន ដែលបានប្រកាសចុះចេញពីតំណែង ឬក៏ប្រកាសមិនឈរឈ្មោះជាតំណាងរាស្រ្តទៀតនោះឡើយ ក្រោយពីត្រូវបានគេចោទប្រកាន់ ពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទ៕