(ញូដេលី)៖ ខណៈឥណ្ឌាកំពុងតែមានភាពតានតឹង នៅតំបន់កាស្មៀជាមួយនឹងប៉ាគីស្ថាននោះ មហាយក្សលេខ ២ នៅតំបន់អាស៊ីមួយនេះ បានប្រកាសធ្វើសមយុទ្ធទ័ពអាកាសរយៈពេលរហូតដល់ទៅ ០២សប្តាហ៍ ដែលជាលំហាត់ហ្វឹកហ្វឺនដ៏ធំបំផុតមួយ ប្រចាំឆ្នាំ២០១៨ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
អំឡុងនៃការធ្វើសមយុទ្ធទ័ពអាកាស ដែលមានរហស្សនាមថា «លំហាត់ហ្គាហ្គាន់ហ្សាកទី» (Gaganshakti) នឹងត្រូវចូលរួមដោយយន្តហោះយោធា និងយន្តហោះចម្បាំង ១,១០០គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងប្រភេទ Sukhoi-30MKI ដែលទិញពីរុស្ស៊ី និងយន្តហោះចាក់សាំងនៅកណ្តាលអាកាស ជាច្រើនគ្រឿងថែមទៀត។ សមយុទ្ធដ៏ធំមហិមាបែបនេះ ត្រូវបានឥណ្ឌាអះអាងថា ជាការហ្វឹកហ្វឺនជំនាញ ដើម្បីជាការត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ហេតុការណ៍នានា ដែលអាចកើតមានឡើងភ្លាមៗ ដោយឥតព្រាងទុក។
អ្នកនាំពាក្យកងទ័ពអាកាសឥណ្ឌា លោក អានុផាម បាណែហ្សី (Anupam Banerjee) បានអះអាងថា «វាជាលើកដំបូងបំផុត ដែលមានការហ្វឹកហ្វឺន និងធ្វើសមាហរណកម្មយន្តហោះចម្បាំង Tejas ជាពន្លឺប្រកបដោយប្រសិទ្ធភាព ដើម្បីអាចធ្វើប្រតិបត្តិការដោយកងទ័ពអាកាសឥណ្ឌា ទៅតាមការគ្រោងទុក»។ ការបង្កើនជំនាញនេះ ក៏នឹងត្រូវផ្សាភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកផងដែរ៕