(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឲ្យដឹងថា ខ្លួនបានបិទ Page របស់ក្រុមហ៊ុនប្រឹក្សាផ្នែកនយោបាយរបស់កាណាដា ដែលមានឈ្មោះថា AggregateIQ ក្រោយពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនវិភាគទិន្នន័យនេះ ប្រហែលជាមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Cambridge Analytica ក្នុងករណីលួចប្រមូលព័ត៌មានឯកជន របស់អ្នកប្រើប្រាស់បណ្តាញ Facebook។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
ខណៈពេលនេះ ក្រុមហ៊ុន Facebook កំពុងបន្តតែស្ថិតក្រោមដាក់សម្ពាធជាខ្លាំង ក្រោយពីទិន្នន័យនៃអ្នកប្រើប្រាស់ រាប់សិបលានរបស់ខ្លួន បានធ្លាក់ទៅក្នុងដៃរបស់ ក្រុមហ៊ុនប្រឹក្សាផ្នែកនយោបាយនៅអង់គ្លេស Cambridge Analytica ដោយមិនដឹងខ្លួន។ លោក គ្រីស្តូហ្វឺ វីឡាយ (Christopher Wylie) ដែលធ្លាប់បំពេញការងារនៅឯ ខេមប្រ៊ីជ អាណាល់ឡៃធីខា (Cambridge Analytica) បាននិយាយថា ក្រុមហ៊ុននេះ ធ្លាប់បានសហការជាមួយ ក្រុមហ៊ុនមានជំនាញដូចគ្នារបស់កាណាដា អាហ្គ្រីហ្គេតអាយឃ្យូ (AggregateIQ)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Facebook បានប្រកាសឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍នាពេលថ្មីនេះថា ក្រុមហ៊ុន AggregateIQ ប្រហែលជាមានជាប់ទាក់ទិននឹងក្រុមហ៊ុន Cambridge Analytica ហើយជាលទ្ធផលអាចនឹងទទួលបានទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ Facebook ដោយពុំត្រឹមត្រូវនោះ បណ្តាញសង្គមយក្សនេះ បានសម្រេចបិទ Page របស់ AggregateIQ ជាបណ្តោះអាសន្ន។
គួរជម្រាបថា បើតាមលោក Wylie ក្រុមហ៊ុន AggregateIQ ធ្លាប់បានទទួលលុយពីក្រុមហ៊ុនយុទ្ធនាការ ដែលគាំទ្រ Brexit (ដកអង់គ្លេសចេញពីសហភាពអឺរ៉ុប) នៅមុនការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦ នៅពេលដែលចក្រភពអង់គ្លេស ក្នុងសំឡេងភាគច្រើនបានបោះឆ្នោតលែងលះជាមួយសហភាពអឺរ៉ុប។ ដោយឡែកសម្រាប់ Cambridge Analytica វិញ គឺក្រុមហ៊ុននេះ ធ្លាប់ត្រូវបានជួលដោយក្រុមហ៊ុនយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕