(ប៊ែរឡាំង)៖ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលកំពុងតែសំឡឹងមើលមិនដាក់ភ្នែកចំពោះបញ្ហាជម្លោះដែនដី រវាងជនជាត់ប៉ាឡេស្ទីននៅតំបន់ហ្គាសា និងកងកម្លាំងអ៊ីស្រាអែលនោះ បានអំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីដែលទាហានអ៊ីស្រាអែលប្រើប្រាស់អាវុធជាតិផ្ទុះ (គ្រាប់ពិត) បាញ់ស្រោចទៅលើក្រុមបាតុករប៉ាឡេស្ទីននាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
លោក រៃណឺ ព្រើល (Reiner Breul) អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានអះអាងយ៉ាងដូច្នេះថា «វិធានការទាំងអស់ ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខដោយអ៊ីស្រាអែល ចាំបាច់ត្រូវតែមានភាពសមាមាត្រ»។ អាល្លឺម៉ង់បានសង្កត់ធ្ងន់ទៀតថា «ក្រុមអ្នកតវ៉ាមិនត្រូវឲ្យទទួលបានការតបតមកវិញ តាមរយៈការបាញ់ប្រហារនោះឡើយ ហើយជនជាតិប៉ាឡេស្ទីន ក៏ត្រូវជៀសវាងការបំពានលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងបាតុកម្មអហិង្សានោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់ក្រសួងការបរទេសអាល្លឺម៉ង់ ខាងលើនេះ គឺកើតមានឡើងបន្ទាប់ពីខ្លួន ទទួលបានរបាយការណ៍ជាច្រើន អំពីក្រុមបាតុករប៉ាឡេស្ទីនមួយចំនួនថែមទៀតបានទទួលរងរបួស ដោយបានត្រូវនឹងគ្រាប់កាំភ្លើងពិតៗ បាញ់ដោយទាហានការពារព្រំដែនអ៊ីស្រាអែល។ បាតុកម្មបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី៣០ ខែមីនា មកដល់ចុងសប្តាហ៍នេះ នៅព្រំដែនតំបន់ហ្គាសា និងអ៊ីស្រាអែល ដោយបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ១៨នាក់ស្លាប់ និងជាង ១,០០០នាក់រងរបួស ក្នុងការបង្ក្រាប ហើយអន្តរជាតិហាក់មិនទាន់អាចរកដំណោះស្រាយ បាននៅឡើយទេ៕