(ហ្គាណា)៖ ក្រុមសកម្មជនហ្គាណាបានព្រមានថា ខ្លួននឹងរៀបចំការធ្វើបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ប្រឆាំងនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (DCA) រវាងរដ្ឋាភិបាល នៃប្រទេសអាហ្រ្វិកមួយនេះ និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
អ្នករៀបចំចលនា Ghana First Patriotic Front ឬ GFPF បានប្រកាសថា ខ្លួនកំពុងប្រមែប្រមូលសមាជិក ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឆាំងតវ៉ាទ្រង់ទ្រាយធំថ្មីមួយទៀត ដែលទង្វើទាំងអស់នេះ គឺមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលហ្គាណា ដកខ្លួនពីកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាមេរិក។
គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើនេះ បានបង្កើតក្តីព្រួយបារម្ភថា វានឹងក្លាយជាការបើកផ្លូវដល់ សហរដ្ឋអាមេរិក បោះមូលដ្ឋានទ័ព នៅក្នុងប្រទេសហ្គាណា ហើយកិច្ចព្រមព្រៀងនេះ ត្រូវគេជឿជាក់ថា មានលក្ខខណ្ឌដទៃទៀត ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព របស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ។ ដោយឡែក ប្រធានាធិបតីហ្គាណា លោក ណាណា អាគូហ្វូ អាដឌូ (Nana Akufo-Addo) បានច្រានចោលក្តីព្រួយបារម្ភទាំងអស់នេះដោយថា រដ្ឋាភិបាលបានយល់ស្របចំពោះកិច្ចព្រមព្រៀងនេះ គឺដោយសារតែវា ពុំបង្កការគំរាមកំហែងណាមួយ ដល់អធិបតេយ្យភាពរបស់ហ្គាណាឡើយ៕