(វ៉ាស៊ីនតោន)៖ បើតាមអ្នកតាក់តែងច្បាប់មួយរូប របស់សហរដ្ឋអាមេរិក ស្ថិរភាពពិភពលោក គឺពឹងផ្អែកជាខ្លាំងទៅលើការរក្សាទំនាក់ទំនងល្អ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលមានសារៈសំខាន់ជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
សមាជិកសភាអាមេរិក លោក អាល់ គ្រីន (Al Green) បានលើកឡើងដូច្នេះថា «ទំនាក់ទំនងនេះ (អាមេរិក-ចិន) គឺជាទំនក់ទំនងពិសេសមួយ ដែលពុំត្រឹមតែផ្តល់ឱកាសដ៏ប្រសើរដល់ការធ្វើអាជីវកម្ម ដល់ប្រជាជននៃប្រទេសជាតិទាំងពីរ ដែលសុទ្ធជាមហាអំណាចធំៗ ប៉ុណ្ណោះទេខ្ញុំគិតថា វានៅមានអ្វីដែលធំធេង និងសំខាន់ខ្លាំងជាងនេះទៅទៀត ដោវាគឺជាឱកាសនៃការបង្កើត និងរក្សាស្ថិរភាព ដែលយើងគ្រប់គ្នាត្រូវការក្នុងពិភពលោក»។
គួរជម្រាបថា ការធ្វើអត្ថាធិប្បាយរបស់លោក Green ត្រូវបានធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិក និងចិន ដែលជាមហាយក្សនៅអាស៊ី កំពុងមានបញ្ហារកាំរកូស ទាក់ទិននឹងវិស័យពាណិជ្ជកម្ម ដោយប្រទេសទាំងពីរ បានគំរាមបង្កើនពន្ធលើទំនិញនាំចូលរៀងៗខ្លួន ដែលជាហេតុបង្កឲ្យមានក្តីកង្វល់ថា វានឹងអាចឈានដល់ការផ្ទុះសង្រ្គាមពាណិជ្ជកម្ម៕