អភិបាលរដ្ឋ Oregon «ចេញមុខជំទាស់ ដូណាល់ ត្រាំ» ចំពោះការចង់បញ្ជូនកងកម្លាំង ទៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ...
06-04-2018 17:59
(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អភិបាលរដ្ឋ អីរ៉េហ្កន (Oregon) លោកស្រី ខេត ប្រោន (Kate Brown) បាននិយាយថា លោកស្រីមិនយល់ស្របនោះឡើយ ហើយថានឹង ជំទាស់នឹងគំរោងបញ្ជូនកងកម្លាំងឆ្មាំការពារជាតិ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់តំបន់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Kate Brown បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ឱ្យកងកម្លាំងឆ្មាំការពារជាតិ នៃរដ្ឋ Oregon ទាំងប្រុសទាំងស្រីរបស់យើង ត្រូវបានគេប្រើប្រាស់ជាកូនអុកនយោបាយនោះឡើយ»។ ដោយឡែកទន្ទឹមគ្នានោះដែរ បើតាមស្ថានីយទូរទស្សន៍ KATU2 លោក ត្រាំ មិនបានស្នើសុំកងកម្លាំងឆ្មាំការពារជាតិពីរដ្ឋ Oregon នោះទេ ប៉ុន្តែ លោកស្រីថា នឹងជំទាស់បើសិនជាលោក ត្រាំ ស្នើឡើងមែននោះ។
សូមជម្រាបថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញការចង់បានបន្ថែមទៀតរបស់លោក ដោយយ៉ាងហោចណាស់លោក ចង់ឲ្យកងកម្លាំងក្នុងចំនួនពី ២,០០០នាក់ ទៅ ៤,០០០នាក់ ត្រូវដាក់ពង្រាយនៅតាមតំបន់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ មុននឹងជញ្ជាំងព្រំដែនសាងសង់រួចរាល់ បើទោះជារដ្ឋាភិបាលម៉ិចស៊ីកូ សម្តែងអារម្មណ៍មិនពេញចិត្តខ្លាំងក៏ដោយ៕