(អាហ្រ្វិកខាងត្បូង)៖ អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ហ្សាកូប ហ្ស៊ូម៉ា (Jacob Zuma) បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងទីក្រុង ឌូរប៊ិន (Durban) នៅថ្ងៃសុក្រនេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលុយ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្ដីពីអាវុធក្នុងតម្លៃ ២.៥ពាន់លានដុល្លារ នៅអំឡុងឆ្នាំ១៩៩០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
លោក Zuma មានអាយុ ៧៥ឆ្នាំ ដែលធ្លាក់ខ្លួនផុងក្នុងរឿងអាស្រូវពុករលួយ អស់រយៈពេលជាង ០៩ឆ្នាំ និងត្រូវបានគេចោទថា គ្មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១៦ករណី ក្នុងនោះរួមមានទាំងបទពុករលួយ និងលាងលុយកខ្វក់។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងរូបនេះ បានច្រាលចោលរាល់ការចោទ ប្រកាន់មកលើរូបលោក ក៏ដូចជាអះអាងដែរថា ខ្លួនមិនបានប្រព្រឹត្តទោសកំហុសអ្វីទាំងអស់។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma បានសម្រេចចិត្តលាលែងចេញពីមុខតំណែងកាលពីខែ កុម្ភៈកន្លងទៅ បន្ទាប់ពីទទួលរងសម្ពាធយ៉ាងខ្លាំងពីគណបក្សរបស់លោក៕