(អាមេរិក)៖ ប្រសិនបើគម្រោងប្រកបដោយមហិច្ឆតា របស់ក្រុមហ៊ុនទើបតែបង្កើតឡើងមួយ លេចចេញជារូបរាងនោះ អ្នកដែលតែងតែមានក្តីប្រាថ្នាចង់ធ្វើដំណើរទេសចរណ៍ ឡើងកាន់ទីអវកាស នឹងមានឱកាសស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយ ដែលគេគ្រោងនឹងបង្កើតឡើងនៅក្បែរគន្លងនៃភពរបស់យើង ក្នុងរយៈពេល ០៣ ទៅ ០៤ឆ្នាំទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ក្រុមហ៊ុនខាងលើមានឈ្មោះថា Orion Span ដែលមានគោលដៅសាងសង់ស្ថានីយ Aurora Station របស់ខ្លួន ទៅកាន់ទីអវកាសនៅចុងឆ្នាំ២០២១ និងចាប់ផ្តើមទទួលភ្ញៀវទេសចរ ដែលចង់កម្សាន្តនៅទីនោះឲ្យស្នាក់នៅបាន ក្នុងឆ្នាំ២០២២។ គំនិតខាងលើត្រូវបានបង្ហើបឲ្យដឹងជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយ CEO (នាយកប្រតិបត្តិ) របស់ Orion Span ផ្ទាល់។
ស្ថានីយ ឬសណ្ឋាគារអវកាស Aurora Station នឹងមានទំហំប៉ុនបន្ទប់របស់យន្តហោះឯកជនខ្នាតធំមួយ ពោលគឺបណ្តោយប្រហែលប្រវែង ១៣.៣ម៉ែត្រ និងទទឹង ៤.៣ម៉ែត្រ។ សណ្ឋាគារអវកាសឯកជននេះ នឹងធ្វើគោចរនៅរយៈកម្ពស់ ៣២០គីឡូម៉ែត្រ ពីលើផ្ទៃផែនដី គឺទាប់ជាងបន្តិចបើធៀបជាមួយរយៈកម្ពស់គោចរ របស់ស្ថានីយអវកាសអន្តរជាតិ (៤០០គីឡូម៉ែត្រ)។
ស្ថានីយ Aurora Station នឹងបើកទទួលឲ្យភ្ញៀវស្នាក់នៅបានចំនួន ០៤នាក់ និងក្រុមការងារសណ្ឋាគារពីរនាក់ ដែលអាចជាអតីតអាកាសយានិក សម្រាប់ជំហានដំបូង ហើយបើសណ្ឋាគារអវកាសនេះ នឹងកាន់តែធំឡើងៗ ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក ពីព្រោះថា ក្រុមហ៊ុន Orion Span នឹងបញ្ជូនបន្ទប់បន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីភ្ជាប់នឹងបន្ទប់ស្នូលរបស់ស្ថានីយ។
គួរជម្រាបថា សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់បំពេញក្តីស្រមៃរបស់ខ្លួន ឡើងទៅធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងទីអវកាស គឺអាចចាប់ផ្តើមធ្វើការកក់សណ្ឋាគារ Aurora បានចាប់ថ្ងៃនេះតទៅ តាមរយៈការទាក់ទងទៅកាន់ក្រុមហ៊ុន Orion Span ផ្ទាល់។ ដោយឡែក ការធ្វើដំណើរទៅទីនោះ គឺត្រូវតែឆ្លងកាត់កម្មវិធីហ្វឹកហាត់ពិសេសមួយ រយៈពេល ០៣ខែ។ យ៉ាងណាមិញ អ្វីដែលសំខាន់ និងជាបញ្ហានោះគឺថា សម្រាប់ការស្នាក់រយៈពេល ១២ថ្ងៃ នៅក្នុងសណ្ឋាគារ Aurora Station នឹងត្រូវចំណាយ ៩.៥លានដុល្លារ គឺប្រមាណ ៨០០,០០០ដុល្លារ ក្នុងមួយថ្ងៃ។
គួរជម្រាបផងដែរថា កាលពីចន្លោះឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៩ ជនស៊ីវិលទូទៅចំនួន ០៧នាក់ បានធ្វើដំណើរសរុប ០៨ជើង ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយចំណាយថវិកាអស់ប្រហែលពី ២០ ទៅ ៤០លានដុល្លារ ក្នុងមួយលើកៗ។ វាក៏ជាគោលដៅសម្រាប់ការធ្វើពាណិជ្ជកម្មផងដែរ សម្រាប់វិស័យអវកាស៕