(វ៉ាស៊ីនតោន)៖ ក្រោយពីបានសម្រេចចិត្តថា អាមេរិកនឹងដាក់ពង្រាយកងកម្លាំងការពារសន្តិសុខ នៅតាមបណ្តាលព្រំដែនអាមេរិក-ម៉ិចស៊ីកូនោះ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្ហាញការចង់បានបន្ថែមទៀតរបស់លោក ដោយយ៉ាងហោចណាស់លោកចង់ឲ្យកងកម្លាំងក្នុងចំនួនពី ២,០០០នាក់ ទៅ ៤,០០០នាក់ ត្រូវដាក់ពង្រាយហើយប្រាកដណាស់ រដ្ឋាភិបាលម៉ិចស៊ីកូ កំពុងសម្តែងអារម្មណ៍មិនពេញចិត្តខ្លាំងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាថា «យើងកំពុងសំឡេងមើលចំពោះការដាក់ពង្រាយកងកម្លាំង ក្នុងចំនួនពី ២,០០០នាក់ ទៅ ៤,០០០នាក់។ យើងកំពុងតែបន្តអនុវត្តន៍ទៅមុខហើយ ដោយយើងនឹងបន្តរក្សាវត្តមានពួកគេយូរទៅមុខទៀត រហូតដល់ជញ្ជាំងព្រំដែនត្រូវបានកសាងរួចរាល់»។
ជុំវិញចំណាត់ការភ្លាមៗរបស់ លោក ត្រាំ បែបនេះ ប្រធានាធិបតីម៉ិចស៊ីកូ គឺលោក អ៊ែនរីក ផេណា នាតូ (Enrique Pena Nieto) ដែលជាអ្នកជិតខាងភាគខាងត្បូងសហរដ្ឋអាមេរិក និងមិនដែលពេញចិត្តទាល់តែសោះ ចំពោះគំរោងសាងសង់ជញ្ជាំងព្រំដែនអាមេរិកនោះ បានលើកឡើងថា «ប្រសិនបើសេចក្តីថ្លែងការណ៍នានានាពេលថ្មីៗនេះ កើតឡើងដោយសារតែការខកចិត្ត ចំពោះបញ្ហានយោបាយក្នុងស្រុកអ្នកផ្ទាល់នោះ គួរអ្នកដោះស្រាយវាចុះ ដោយមិនត្រូវធ្វើដាក់ម៉ិចស៊ីកូបែបនេះ។ យើងមិនត្រូវការសកម្មភាពអវិជ្ជមានណាមួយ ធ្វើឡើងជាការឆ្លើយតបនឹងសកម្មភាពរបស់យើងវិញនោះទេ»។
គួរបញ្ជាក់ថា ចាប់តាំងពីមុនឡើងកាន់តំណែង រហូតបានកាន់តំណែងជាងមួយឆ្នាំមកនេះ អតីតមហាសេដ្ឋី ដែលកំពុងកាន់តំណែងជាមេដឹកនាំកំពូលពិភពលោករូបនេះ តែងតែលើកឡើងជានិច្ចអំពីបញ្ហាសន្តិសុខ នៅតាមបណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ីកូ ក្នុងនោះបញ្ហាដែលលោក ត្រាំ តែងតែចោលសម្តីទៅកាន់ប្រទេសម៉ិចស៊ីកូ គឺបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀនផងដែរ ទើបអាមេរិកត្រូវតែធ្វើការកសាងជញ្ជាំងព្រំដែន ដែលមានប្រវែង ៣,១៤៥គីឡូម៉ែត្រ នេះឡើង៕