(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានប្រកាសនៅ​ថ្ងៃសុក្រ​នេះថា សភាជាតិម៉ាឡេស៊ី នឹងត្រូវរំលាយ​នៅថ្ងៃសៅរ៍ស្អែក ដើម្បីត្រួសត្រាយផ្លូវ​សម្រាប់ការ​​បោះឆ្នោតជាតិ ក្នុងរយៈពេល​កំណត់មិនឲ្យលើស ៦០ថ្ងៃ ខណៈដែលលោក​ក៏កំពុងតែ​​ព្យាយាមស្វះស្វែងរកការគាំទ្រ ដើម្បី​បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិទី ៣ បន្ថែម​ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

ការប្រកាស​​ខាងលើនេះ ធ្វើឡើងដោយ​លោក ណាជីប រ៉ាហ្សាក់ នៅក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ពិសេសមួយ ដោយក្នុងនោះ​​លោក​នាយករដ្ឋ​មន្ត្រី ដែលគ្រប​ដណ្តប់​ដោយរឿង​អាស្រូវរូបនេះ​​បានអះអាងថា លោកបាន​ទទួល​ការអនុញ្ញាត​ពី​ព្រះមហាក្សត្រ ម៉ាឡេស៊ី ព្រះចៅ ស៊ុលតង់ មូហាំម៉េដ ទី ៥ រួចទៅហើយ​ នៅក្នុងការសម្រេចចិត្តរំលាយ​សភានៅថ្ងៃស្អែកនេះ​​តែម្តង។

គួរបញ្ជាក់ថា សម្រាប់កាល​បរិច្ឆេទនៃការបោះឆ្នោត គឺមិនទាន់ត្រូវបាន​ប្រកាសនៅឡើយ​ទេ​ដោយ​គណកម្មការបោះឆ្នោត​ម៉ាឡេស៊ី ប៉ុន្តែជាធម្មតា ការបោះឆ្នោត​តែងតែប្រព្រឹត្ត​ទៅមិន​ឲ្យលើសពី ២ខែ នោះឡើយ បន្ទាប់ពីសភាត្រូវបាន​រំលាយចោល។ ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់ នឹងត្រូវបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រចំនួន ២២២រូប ដើម្បីទៅអង្គុយ​នៅក្នុង​សភាជាតិ ដែល​ម៉ាឡេស៊ីហៅថា ដេវ៉ាន់ រ៉ាក់យ៉ាត (Dewan Rakyat)៕