(សឹង្ហបូរី)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីឱកាស និងសក្តានុពល នៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាជូនដល់វិនិយោគិន, អភិវឌ្ឍករ និងធនាគារិកធំៗ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នេះ តាមរយៈការអនុវត្តគោលនយោបាយស្តីពី ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង គម្រោងវិនិយោគ សាធារណៈ ឆ្នាំ២០១៦-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។
កាលឡើកឡើងបែបនេះរបស់លោក វង្សី វិស្សុត នៅក្នុងឱកាសលោកអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធនៅសឹង្ហបូរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ហើយនឹងបញ្ចប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ។
គួរបញ្ជាក់ដែរថា តាមការរៀបចំរបស់ម្ចាស់ផ្ទះ និងបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានទាំងអស់ បានចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីហិរញ្ញប្បទាន ហេដ្ឋារចនាសម្ព័ន្ធលើកទី៨ ដែលរៀបចំឡើង ដោយសឹង្ហបូរី និងធនាគារពិភពលោក ក្រោមប្រធានបទ «ស្វែងមធ្យោបាយថ្មីក្នុងការគៀរគរធនធានពីវិស័យឯកជន នៅក្នុងតំបន់អាស៊ាន ដោយមានការចូលរួមពីបណ្តាវិនិយោគិន អភិវឌ្ឍករ និងធនាគារធំៗ និងតំណាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់ៗមួយចំនួន»។
តាមសំណើរបស់លោករដ្ឋមន្រ្តីហិរញ្ញវត្ថុសឹង្ហបូរី លោក វង្សី វិស្សុត បានធ្វើជាវិគ្មិននៅក្នុងវគ្គកិច្ចពិភាក្សាតុមូល នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នេះផងដែរ។ នៅក្នុងកិច្ចពិភាក្សាតុមូលនេះ លោក វង្សី វិស្សុត បានលើកឡើងពីស្ថានភាព វឌ្ឍនភាព, បញ្ហាប្រឈម និងទស្សនវិស័យ ជាពិសេសតម្រូវការ ហិរញ្ញប្បទានដ៏ធំធេង នៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់និយាយជារួម និងកម្ពុជានិយាយដោយឡែក។
ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងបន្តអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងតាមរយៈការបង្កើនការ វិនិយោគសាធារណៈរបស់រដ្ឋ និងទាំងតាមរយៈការទាក់ទាញ ការចូលរួមរបស់វិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ (PPP)។
ដោយឡែក ចំពោះព័ត៌មានលំអិតពាក់ព័ន្ធនឹងលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២២ នៅសឹង្ហបូរី នេះ FreshNews នឹងលើកយកមកផ្សាយជាបន្តទៀត៕