(ទ្រីប៉ូលី)៖ នាយកដ្ឋានកិច្ចការស៊ីវិលនៃប្រទេសលីប៊ី បានចេញមុខទាត់ចោល សេចក្តីរាយការណ៍ព័ត៌មានដែលថា ខ្លួនបានបដិសេធមិនផ្តល់ឲ្យសមាជិកក្រុមគ្រួសារបស់អតីតមេដឹកនាំ គឺលោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) នូវលេខសម្គាល់អត្តសញ្ញាណជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ប្រធាននាយកដ្ឋានកិច្ចការស៊ីវិលលីប៊ី លោក Mohammed Baltamer បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នរបស់លោកសូមធ្វើការច្រានចោល ការចោទប្រកាន់បំភ្លៃការពិត របស់សារព័ត៌មានមួយចំនួន ដែលថានាយកដ្ឋាននេះ បានបដិសេធមិនផ្តល់លេខសម្គាល់អត្តសញ្ញាណជាតិដល់ក្រុមគ្រួសាររបស់ លោក Gaddafi។
លោក Baltamer បានបន្តថា នាយកដ្ឋានរបស់លោក បានទទួលលិខិតពីអគ្គរដ្ឋអាជ្ញាលីប៊ី ដែលបានបង្គាប់ឲ្យលោកចេញលេខសម្គាល់អត្តសញ្ញាណជាតិ ដល់សមាជិកគ្រួសាររបស់លោក Gaddafi ហើយវាកំពុងតែឆ្លងកាត់ការធ្វើបែបបទតាមនីតិវិធី ហើយប្រហែលជាមានការកកស្ទះបន្តិចបន្តួច ដែលបង្កឲ្យមានភាពយឺតយ៉ាវ។
គួរជម្រាបថា លេខសម្គាល់អត្តសញ្ញាណជាតិបែបអេឡិចត្រូនិច គឺជាលេខពិសេសមួយ ដែលចេញដោយអាជ្ញាធរលីប៊ី សម្រាប់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងការបំពេញបែបបទស៊ីវិលផ្សេងៗ រួមមានការស្នើធ្វើលិខិតឆ្លងដែន, ការធ្វើប័ណ្ណបើកបរ និងឯកសារសម្គាល់ខ្លួនជាដើម។
ក្រោយពីការដួលរលំនៃរដ្ឋាភិបាលលោក Gaddafi នៅឆ្នាំ២០១១ សមាជិកគ្រួសារមួយចំនួនរបស់លោក បានរត់ភៀសខ្លួនទៅកាន់ប្រទេសក្បែរ ហើយបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាលំបាក ក្នុងការធ្វើឯកសារជាតិផ្លូវការផ្សេងៗ ខណៈពួកគេភាគច្រើន ស្ថិតក្រោមការតាមចាប់ខ្លួនរបស់អាជ្ញាធរលីប៊ី៕