(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានព្រមព្រៀងគ្នាលើកកម្ពស់ចំណងទ្វេភាគី ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានទទួលជួបក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូ ហើយលោក ពូទីន ក៏បានទទួលយកការអញ្ជើញពីភាគីចិន ឲ្យទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅខែមិថុនាខាងមុខផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ក្នុងជំនួបខាងលើ លោក វ៉ាង នៅក្នុងនាមជបេសកជនពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរនោះ បានពាំនាំយកសារអបអរសាទររបស់ លោក ស៊ី មកជូនលោក ពូទីន សម្រាប់ការជាប់ឆ្នោតនៅអាណត្តិទីបួន ជាប្រធានាធិបតីរុស្ស៊ីថែមទៀតផង។ នាឱកាសនោះ លោក វ៉ាង បានលើកឡើងថា ចិននិងរុស្ស៊ី ដែលទទួលបានអត្ថប្រយោជន៍ច្រើនក្រៃលែង ពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដ៏ពិសេសនោះ មានការជឿទុកចិត្តគ្នាលើផ្នែកផ្នែកនយោបាយ ក្នុងកម្រិតយ៉ាងខ្ពស់ និងបានឃើញទំនាក់ទំនងប្រទេសទាំងពីរ បានអភិវឌ្ឍន៍ទៅមុខដោយឥតឈប់ឈរ។
ជាការឆ្លើយតបលោក វ៉ាឌីមៀ ពូទីន ក៏បានស្នើផងដែរដល់លោក វ៉ាង ឲ្យជួយពាំនាំពាក្យអបអររបស់លោក ទៅកាន់លោក ស៊ី សម្រាប់ការជាប់ឆ្នោតបន្តធ្វើជាប្រធានាធិបតីចិន និងសម្រាប់ជោគជ័យ នៃសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ដែលទើបត្រូវបានបញ្ចប់ទៅកាលពីខែមុននេះ។ ម៉្យាងវិញទៀត លោក ពូទីន បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរុស្ស៊ី-ចិន នឹងសម្រេចបានវឌ្ឍនភាព កាន់តែប្រសើរជាងមុនថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។
គួរជម្រាបថា ការប្តេជ្ញាពង្រឹងទំនាក់ទំនង នៃប្រទេសធំៗទាំងពីរនេះ បានកើតមានឡើង ចំពេលដែលចិន កំពុងតែមានបញ្ហាវិវាទយ៉ាងក្តៅគគុក រឿងការដំឡើងពន្ធទំនិញជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងម៉ូស្គូនោះ ក៏ទើបត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម និងត្រូវអាមេរិកព្រមទាំងប្រទេសលោកខាងលិចមួយចំនួន បណ្តេញមន្រ្តីទូត ដោយសារតែករណីលួចបំពុលអតីតមន្រ្តីចារកម្មរុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេសផងដែរ ដែលគេសង្ស័យថា ទីក្រុងម៉ូស្គូជាអ្នកនៅពីក្រោយខ្នង៕