(ប៉ាឡេស្ទីន)៖ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីនៅថ្ងៃសុក្រនេះ នៅឯតំបន់ហ្កាហ្សា ជាប់ ព្រំដែនជាមួយអ៊ីសា្រអែល ដើម្បីបន្តការតវ៉ា Great Return March របស់ពួកគេ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៣០ ខែមីនា ជាមួយមនុស្សច្រើនជាង ៣០,០០០នាក់ ត្រូវបានបង្រ្កាបយ៉ាងសាហាវ ពីកងទ័ពអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
បាតុកម្មតវ៉ាកាលពីថ្ងៃ៣០ ខែមីនា កន្លងទៅ ត្រូវបានអ៊ីសា្រអែលចាត់ទុកថា ស្ថិតក្រោមបញ្ជារបស់ក្រុមហាម៉ាស់ ខណៈបាតុកម្មនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។ ជុំវិញភាពតានតឹងនេះដែរ ថ្លែងប្រាប់ Sputnik អ្នកនិពន្ធសៀវភៅអ៊ីសា្រអែលម្នាក់ លោក មីកូ ភែឡេដ (Miko Peled) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនប៉ាឡេស្ទីនត្រូវបានសម្លាប់តាមគ្រប់មធ្យោបាយ ក្នុងនោះរួមមានទាំងការបាញ់សម្លាប់ ទាំងនៅពេលកំពុងដេកនៅលើគ្រែរបស់ពួកគេ ឬដោយសារគ្រាប់បែកធ្លាក់ពីលើមេឃ ឬ ការខ្វះខាតទឹក និងដោយសារជំងឺផ្សេងៗ។ ពួកគេបានក៏កំពុងត្រូវបានសម្លាប់ផងដែរ នៅពេលពួកគេធ្វើបាតុកម្មតវ៉ា ពោលបើនិយាយឱ្យចំទៅ ប្រជាជនប៉ាឡេស្ទីន ត្រូវបានគេសម្លាប់ ពីព្រោះតែពួកគេជាជនជាតិប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ប្រជាជនប៉ាឡេស្ទីន ១៥នាក់បានស្លាប់ និង ១,៥០០នាក់បានរងរបួស នៅក្នុង បាតុកម្មនៅឯតំបន់ហ្កាហ្សា ជាប់ជាមួយព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី៣០ ខែមីនា៕