(ញូយ៉ក)៖ ការតឹងសសៃកដាក់គ្នារវាងរុស្ស៊ី និងអង់គ្លេស បានផ្ទុះឡើងជាថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN បាននិយាយថា អង់គ្លេសកំពុងលេងជាមួយភ្លើង ហើយថាទីក្រុងឡុងដ៍នឹងត្រូវសូមទោស ចំពោះការចោទប្រកាន់លើទីក្រុងម៉ូស្គូថា អ្នកបំពុលសម្លាប់អតីតចារកម្មរុស្ស៊ី និងកូនស្រីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
លោក ស៊ីហ្កៃ ស្គ្រីផាល់ (Sergey Skripal) និងកូនស្រីរបស់លោក ត្រូវបានគេបំពុលសម្លាប់លើទឹកដីអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា ប៉ុន្តែអ្នកទាំងពីរមិនទាន់បាត់បង់ជីវិតឡើយ ខណៈកំពុងសម្រាកព្យាបាល ក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឯមន្ទីរពេទ្យក្នុង ប្រទេសអង់គ្លេស។ ចំណែកឯរុស្ស៊ីបានបដិសេធថា ខ្លួនមិនមែនជាអ្នកនៅពីក្រោយទង្វើដ៏សាហាវនេះទេ បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនធំ បានបណ្ដេញមន្ត្រីទូតរុស្ស៊ីច្រើនជាង ១៤០នាក់ ចេញពីប្រទេសពួកគេក៏ដោយ។
ដោយឡែក ជុំវិញសំណុំរឿងនេះដែរ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN នាថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងញូយ៉ក) អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក វ៉ាសស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្រាប់អង់គ្លេសថា អ្នកកំពុងលេងជាមួយភ្លើង ហើយអ្នកនឹងត្រូវសូមទោស ចំពោះការចោទប្រកាន់ និងការធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី»។
ទោះជាបែបនេះក្ដីជាការឆ្លើយតប អគ្គរដ្ឋទូតអង់គ្លេសប្រចាំ UN លោកស្រី ការ៉ែន ភីយឺស (Karen Pierce) នៅតែបង្ហាញពីគោលជំហរគាំទ្រដដែល ដល់ការចោទប្រកាន់ របស់រដ្ឋាភិបាលអង់គ្លេសលើរុស្ស៊ី។ «យើងជឿជាក់ចំពោះសកម្មភាពអង់គ្លេស ក្នុងការស៊ើបអង្កេត ទាំងឡាយ... យើងមិនបានលាក់បាំងអ្វីឡើយ... ប៉ុន្តែខ្ញុំបារម្ភថា រុស្ស៊ីប្រហែលជាកំពុងភិតភ័យនឹងរឿងអ្វីមួយ»។ នេះជាការលើកឡើង របស់លោកស្រី Karen Pierce៕