(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិក​បានប្រកាសថា ខ្លួនបានយល់​ព្រមចំពោះ​គម្រោងលក់សព្វាវុធ​ថ្មី​មួយផ្សេង​ទៀតគិត​ជាតម្លៃ ​១.៣​ពាន់​លាន​ដុល្លារ ទៅឲ្យ​ព្រះរាជាណាចក្រ​អារ៉ាប់សាអូឌីត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅ​ព្រឹក​​ថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

​បើតាមសេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​អាមេរិក គម្រោងខាងលើរួម​មាននូវ ការលក់ប្រព័ន្ធ​កាំភ្លើងធំចល័ត​ដោយស្វ័យប្រវត្តិ ដែលមានរូបរាង​ស្រដៀងនឹង​រថក្រោះ ចំនួន ១៨០គ្រឿង។ ការបើកភ្លើងខៀវនេះ​ត្រូវបានធ្វើឡើង ខណៈដែលព្រះរាជទាយាទ​អារ៉ាប៊ីសាអូ​ឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) កំពុងរៀបចំ​បញ្ចប់ដំណើរទស្សនកិច្ច​ ដែលមានរយៈពេល​ប៉ុន្មានសប្តាហ៍​មកហើយ​របស់ទ្រង់ ​នៅ​ក្នុងទឹកដី​សហរដ្ឋអាមេរិក។

គួរជម្រាបថា កាលពី​ថ្ងៃទី២២ ខែមីនាកន្លងទៅនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានយល់ព្រម​គម្រោងលក់សព្វាវុធ​តម្លៃ ០១ពាន់លាន​ដុល្លារ​ទៅឲ្យអារ៉ាប៊ីសាអូឌីត​ផងដែរ ដោយក្នុងនោះ​រួមមានមីស៊ីល​ប្រឆាំងរថក្រោះ​ ប្រមាណ ៦,៧០០គ្រាប់។ គម្រោងទាំង​ប៉ុន្មាននេះកើតមានឡើង ​បន្ទាប់​ពីទទួល​បានការអនុញ្ញាត​ពីក្រសួងការបរទេស​ ហើយ ត្រូវតែឆ្លង​កាត់សភាអាមេរិក​ជាអ្នកសម្រេច​បន្តទៀត៕