BREAKING NEWS: ការសងសឹកគ្នារវាងមហាយក្សចិន និងសហរដ្ឋអាមេរិក «កាន់តែធ្ងន់ធ្ងរខ្លាំងឡើង» ខណៈលោក ត្រាំ ទើបបន្ថែមពន្ធ ១០០ពាន់លានដុល្លារទៀត លើទំនិញនាំចូលពីចិន!
06-04-2018 09:21
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យតំណាងពាណិជ្ជកម្មអាមេរិក (USTR) ពិចារណាលើ គំរោងតម្លើងពន្ធបន្ថែមជាង ១០០ពាន់លានដុល្លារ លើផលិតផលរបស់ចិន ខណៈទីក្រុងប៉េកាំងកំពុងធ្វើការសងសឹកដោយអយុត្តិធម៌ ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសេតវិមាន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ជាជាងការកែតម្រូវឡើងវិញ នូវកំហុសរបស់ខ្លួន ចិនបានជ្រើសរើសបំផ្លាញកសិករ និងរោងចក្ររបស់យើង។ ដូច្នេះដោយសារតែ ការចាត់វិធានការដោយអយុត្តិធម៌របស់ទីក្រុងប៉េកាំង ខ្ញុំបានណែនាំឱ្យតំណាងពាណិជ្ជកម្មអាមេរិក (USTR) ពិចារណាលើគំរោង តម្លើងពន្ធបន្ថែមជាង ១០០ពាន់លានដុល្លារ លើផលិតផលរបស់ចិន ស្របតាមមាត្រា ៣០១»។
គួរបញ្ជាក់ថា ការព្រមានបែបនេះរបស់លោក ត្រាំ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកខ្លួនឯងបានសរសេរនៅលើ Twitter ថាសហរដ្ឋអាមេរិក មិនមែនកំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយចិននោះទេ។ «យើងមិនមែនកំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយចិនឡើយ ព្រោះវាជាសង្រ្គាមដែលបានបង្កជាការខាតបង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមនុស្សល្ងង់ ឬមនុស្សគ្មានសមត្ថភាពមួយចំនួនដែលតំណាងឱ្យសហរដ្ឋអាមេរិក»។ នេះបើតាមសម្តីលោកប្រធានាធិបតីអាមេរិក៕