(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាកាសយានិកម្នាក់បានស្លាប់ និងម្នាក់ទៀតបានទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំងមួយគ្រឿង នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងជើង នារសៀលថ្ងៃព្រហស្បតិ៍នេះ៕
២៖ ការថែរក្សាបូរណភាព និងអធិបតេយ្យភាពស៊ីរី តាមរយៈការប្រយុទ្ធប្រឆាំង និងបោសសំអាតពួកភេរវករ ព្រមទាំងក្រុមឧទ្ទាម គាំទ្រដោយបរទេស គឺជាគោលបំណងរួមគ្នារបស់រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ដែលប្រទេសទាំងនេះសង្ឃឹមថានឹងអាចនាំយកសន្តិភាព ជូនប្រជាជនស៊ីរី និងតំបន់ទាំងមូល៕
៣៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលរបស់អាមេរិក Boeing ទីបំផុតបានបង្ហាញក្តីព្រួយបារម្ភជាខ្លាំងអំពីបញ្ហាវិវាទផ្នែក ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងបន្តប្រព្រឹត្តទៅដោយគ្មានភាពធូរស្បើយ ហើយទំនងជានឹងកាន់តែតាន តឹង រហូតផ្ទុះចេញជាសង្រ្គាមពាណិជ្ជកម្មដ៏ធំមួយ ដែលនឹងជះផលអវិជ្ជមាន ដល់ឧស្សាហកម្មផលិតយន្តហោះ៕
៤៖ អតីតប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យ៉ូ លូឡា ដឺ ស៊ីលវ៉ា (Luiz Inácio Lula da Silva) អាចនឹងត្រូវបានប៉ូលិស ចាប់បញ្ជូនទៅពន្ធនាគារ នៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីចៅក្រមតុលាការកំពូលសហព័ន្ធប្រេស៊ីល បានសម្រេចិត្តច្រានចោល បណ្ដឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមកាត់ទោសរូបលោក ពីបទពុករលួយ៕
៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានបន្ទន់ឥរិយាបថ និងបន្ធូបន្ថយវោហាស័ព្ទរបស់លោកជុំវិញភាព តានតឹងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដោយលោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងធ្វើសង្រ្គាមពណិជ្ជកម្ម ជាមួយចិនឡើយ៕
៦៖ ក្រុមហ៊ុន Facebook បានលាតត្រដាងឲ្យដឹងថា ភាគីទីបីទំនងជាបានកេងចំណេញលើឧបករណ៍ស្វែងរក (Search Tool) នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់វា ដែលប្រការនេះបានផ្តល់ឱកាសឲ្យពួកគេ ប្រមែប្រមូលទិន្នន័យផ្ទាល់ឯកជនស្ទើរតែ ទាំងអស់នៃអ្នកប្រើប្រាស់ Facebook សរុប ០២ពាន់លាននាក់ នៅជុំវិញពិភពលោក ដោយពុំមានការអនុញ្ញាតពីអ្នកប្រើប្រាស់ ផ្ទាល់ឡើយ៕