(សេអ៊ូល)៖ អាកាសយានិកម្នាក់បានស្លាប់ និងម្នាក់ទៀតបានទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំងមួយគ្រឿង នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងជើង នារសៀលថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
យន្តហោះចម្បាំងធុន F-15K របស់ទ័ពអាកាសកូរ៉េខាងត្បូង ដែលបានហោះចេញពី បន្ទាយយោធាមួយកន្លែង នៅទីក្រុង ដែគូ (Daegu) នៃខេត្ត គ្យឿងសាង (Gyeongsang) ខាងជើង បានធ្លាក់នៅស្រុក ជីលហ្កុក (Chilgok) ក្នុងខេត្តជាមួយគ្នា ដែលស្ថិតនៅចម្ងាយប្រហែលជា ២៩០គីឡូម៉ែត្រ ពីរដ្ឋធានីសេអ៊ូល ក្រោយពីធ្វើដំណើរប្រមាណជា ០១ម៉ោង។ បើតាមការអះអាងពីអាជ្ញាធរកូរ៉េខាងត្បូង នៅពេលកើតហេតុ យន្តហោះចម្បាំងនោះ កំពុងតែធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្រោយពីបានបញ្ចប់បេសកកម្មមួយ។ ម៉្យាងវិញទៀត វាត្រូវគេជឿជាក់ថា បានធ្លាក់បុកចំភ្នំមួយកន្លែង នៅស្រុកខាងលើ។
គួរជម្រាបថា បើប្រភពពីយោធាកូរ៉េខាងជើង អាកាសយានិកម្នាក់ក្នុងចំណោមអាកាសយានិកពីរនាក់ នៅលើយន្តហោះខាងលើ ត្រូវគេបានបញ្ជាក់ទទួលស្គាល់ថាបានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាព ដែលអាចគំរាមកំហែងដល់អាយុជីវិតថែមទៀតផង។ យ៉ាងណាមិញ ខណៈពេលនេះ មូលហេតុនៅពីក្រោយការធ្លាក់យន្តហោះ នៅពុំទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ៕