(អឺរ៉ុប)៖ រយៈពេលរាប់ទសវត្សរ៍ បន្ទាប់ពីអាវុធគីមីនៃអតីតរបបណាហ្ស៊ី-ហ៊ីត្លែរអាល្លឺម៉ង់ ក្នុងនោះរួមមានទាំងអាវុធឧស្ម័នពុល, គ្រាប់បែក, អាសេនិច (arsenic) និងអាវុធគីមីជាច្រើនទៀត ត្រូវបានគេបោះចោលទៅក្នុងសមុទ្រ បច្ចុប្បន្នវាកំពុងធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមាន ការព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងថា សំណល់អាវុធគីមីទាំងនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងជីវិតសត្វនៅក្នុងសមុទ្របាល់ទិច។ នេះបើតាមសារព័ត៌មានហ្វាំងឡង់ Hufvudstadsbladet ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
យោងតាម Hufvudstadsbladet ក្រុមអ្នកស្រាវជ្រាវបានរកឃើញអាវុធគីមីជាង ៣០០,០០០តោន នៅក្នុងប្រទេសអាល្លឺម៉ង់ និងតំបន់ជាច្រើនទៀត ដែលធ្លាប់គ្រប់គ្រងដោយរបបណាហ្ស៊ី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ អាវុធគីមីខ្លះដែលត្រូវបានគេ បោះចោលចូលទៅក្នុងសមុទ្របាល់ទិច នៅអំឡុងសម័យសង្រ្គាមលោកលើកទី ២ កំពុងបង្កជាការព្រួយបារម្ភ និងបញ្ហាយ៉ាងខ្លំាង ដល់ជីវិតសត្វនៅក្រោមសមុទ្រ។ សារព័ត៌មានហ្វំាងឡង់មួយនេះបន្ថែមថា អាវុធគីមីភាគច្រើន នៅតែត្រូវគេបោះចោលទៅក្នុងសមុទ្ររហូតដល់ឆ្នាំ១៩៧០ ក្រោយសង្គ្រាមលោកលើកទី ២ បញ្ចប់។
គួរបញ្ជាក់ថា បើតាម Hufvudstadsbladet បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការងារបង្កើតយន្ដការមួយ ដើម្បីកំណត់ថា តើតំបន់ណាខ្លះនៃសមុទ្រចាំបាច់ត្រូវដោះស្រាយបញ្ហាមុនគេ ទាក់ទិននឹងអាវុធគីមីនេះ៕