(សេអ៊ូល)៖ យន្តហោះចម្បាំងមួយគ្រឿង របស់យោធាកូរ៉េខាងត្បូង បានធ្លាក់នៅតំបន់ភាគអាគ្នេយ៍នៃប្រទេស នារសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈជោគវាសនា នៃអាកាសយានិកទាំងពីរ ដែលធ្វើដំណើរនៅលើនោះ បានក្លាយទៅជាយ៉ាងណានៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
យន្តហោះចម្បាំងធុន F-15K របស់ទ័ពអាកាសកូរ៉េខាងត្បូង ដែលបានហោះចេញពី បន្ទាយយោធាមួយកន្លែង នៅទីក្រុង ដែគូ (Daegu) នៃខេត្ត គ្យឿងសាង (Gyeongsang) ខាងជើង បានធ្លាក់នៅស្រុក ជីលហ្កុក (Chilgok) ក្នុងខេត្តជាមួយគ្នា ដែលស្ថិតនៅចម្ងាយប្រហែលជា ២៩០គីឡូម៉ែត្រ ពីរដ្ឋធានីសេអ៊ូល ក្រោយពីធ្វើដំណើរប្រមាណជា ០១ម៉ោង។
គួរជម្រាបថា គេមិនទាន់ដឹងពីជោគវាសនាអាកាសយានិកទាំងពីរនាក់ របស់យន្តហោះចម្បាំង ដែលជួបគ្រោះថ្នាក់ខាងលើថា ស្លាប់ឬរស់នោះឡើយ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ បើតាមការអះអាងពីអាជ្ញាធរកូរ៉េខាងត្បូង នៅពេលកើតហេតុ យន្តហោះចម្បាំងនោះ កំពុងតែធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្រោយពីបានបញ្ចប់បេសកកម្មមួយ។ ម៉្យាងវិញទៀត វាត្រូវគេជឿជាក់ថា បានធ្លាក់បុកចំភ្នំមួយកន្លែង នៅស្រុកខាងលើ៕