(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានលាតត្រដាងឲ្យដឹងថា ភាគីទីបីទំនងជាបានកេងចំណេញលើឧបករណ៍ស្វែងរក (Search Tool) នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់វា ដែលប្រការនេះបានផ្តល់ឱកាសឲ្យពួកគេ ប្រមែប្រមូលទិន្នន័យផ្ទាល់ឯកជន ស្ទើរតែទាំងអស់នៃអ្នកប្រើប្រាស់ Facebook សរុប ០២ពាន់លាននាក់ នៅជុំវិញពិភពលោក ដោយពុំមានការអនុញ្ញាតពីអ្នកប្រើប្រាស់ផ្ទាល់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
បើតាមសម្តីរបស់ លោក Mike Schroepfer ដែលជានាយកផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំជាងគេនេះ ភាគច្រើននៃអ្នកប្រើប្រាស់ទាំង ០២ពាន់លាននាក់របស់ Facebook ប្រហែលត្រូវបានជនអនាមិក លួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ពីលើវែបសាយ Facebook។
គួរជម្រាបថា ព័ត៌មានខាងលើនេះបានលេចឡើង ខណៈដែលពេល Facebook កាន់តែមានការទទួលស្គាល់ចំពោះភាពលំបាករបស់ខ្លួន នៅក្នុងការគ្រប់គ្រងទិន្នន័យដែល ខ្លួនប្រមូលយកពីអ្នកប្រាស់ប្រើប្រាស់ ដ៏ច្រើនសន្ធឹកសន្ធាប់។ នាសប្តាហ៍នេះ Facebook ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Cambridge Analytica ដែលត្រូវបានជួលដោយក្រុមយុទ្ធនាការបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះ បានធ្វើការប្រមូលទិន្នន័យដោយរបៀបមិនត្រឹមត្រូវ ពីអ្នកប្រើប្រាស់ Facebook ប្រមាណ ៨៧លាននាក់ ដែលចំនួននេះគឺលើសពីការប៉ាន់ស្មានរបស់សារព័ត៌មាន ដែលធ្លាប់តែចុះផ្សាយថាជាង ៥០លាននាក់ នោះទៅទៀត។
ដោយឡែក ជុំវិញរឿងនេះ បិតាស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Facebook លោក Mark Zuckerberg នឹងចូលផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក នាថ្ងៃទី១១ ខែមេសា (រសៀលថ្ងៃទី១០ នៅអាមេរិក) នេះហើយ៕