(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស្យ៉ូ លូឡា ដឺ ស៊ីលវ៉ា (Luiz Inácio Lula da Silva) អាចនឹងត្រូវបានប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារ នៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីចៅក្រមតុលាការកំពូលសហព័ន្ធប្រេស៊ីល បានសម្រេចិត្ត ច្រានចោលបណ្ដឹងឧទ្ធរណ៍ ពាក់ពន្ធនឹងសាលក្រមកាត់ទោសរូបលោក ពីបទពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ចៅក្រមតុលាការកំពូលសហព័ន្ធប្រេស៊ីលចំនួន ១១នាក់ មាន ០៦នាក់ បានបោះឆ្នោតគាំទ្រលើការបដិសេធ បណ្ដឹងឧទ្ធរណ៍របស់ លោក Lula នៅក្នុងការសម្រេចចិត្តមួយប្រើពេលជាង ១០ម៉ោង ដើម្បីចេញសាលក្រមសម្រេច នៅព្រឹកថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិកឡាទីន)។ មួយវិញទៀត ផ្អែកលើសាលក្រមនេះទៀតសោត អតីតប្រធានាធិបតីប្រេស៊ីលរូបនេះ អាចនឹងត្រូវប៉ូលិសចាប់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈ រូបលោកកំពុងប្រឈមមុខនឹងជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទពុករលួយ ទទួលសំណូក និងលាងលុយកខ្វក់។
គួរបញ្ជាក់ថា លោក Lula da Silva អាយុ ៧២ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ ហើយ លោកក៏ធ្លាប់បានបដិសេធជាច្រើនដងផងដែរថា លោកមិនបានប្រព្រឹត្តខុសច្បាប់ ដូចការចោទប្រកាន់នោះទេ ព្រមទាំងអះអាងថា វាគឺជារឿងនយោបាយ និងចង់រារាំងមិនឱ្យលោកចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល នៅខែតុលាខាងមុខនេះ តែប៉ុណ្នោះ៕