(ម៉ូស្គូ)៖ ការថែរក្សាបូរណភាព និងអធិបតេយ្យភាពស៊ីរី តាមរយៈការប្រយុទ្ធប្រឆាំង និងបោសសំអាតពួកភេរវករ ព្រមទាំងក្រុមឧទ្ទាមគាំទ្រដោយបរទេស គឺជាគោលបំណងរួមគ្នារបស់រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ដែលប្រទេសទាំងនេះសង្ឃឹមថា នឹងអាចនាំយកសន្តិភាពជូនប្រជាជនស៊ីរី និងតំបន់ទាំងមូល។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីស្ដីពីប្រទេសស៊ីរី រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សមភាគីអ៊ីរ៉ង់ លោក ហាសាន់ រូហានី និងលោក រីស៊ីប តាយ៉ីប អឺដូហ្កាន់ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃពុធ។ បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍ដដែល ប្រទេសទាំងបីបានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងគំរោងពុះចែក ឬគាំទ្រ ក្រុមឧទ្ទាមបំបែករដ្ឋគាំទ្រដោយបរទេស ដែលកំពុងបំផ្លាញបូរណភាពទឹកដី និងអធិបតេយ្យភាពស៊ីរី ព្រមទាំងសន្តិសុខរបស់ប្រទេសជិតខាង នៅក្នុងតំបន់។
គួរបញ្ជាក់ថា បើទោះជាមិនបាននិយាយចំៗថា សហរដ្ឋអាមេរិកជាអ្នកគាំទ្រក្រុមឧទ្ទាមបំបែករដ្ឋ ក្នុងប្រទេសស៊ីរីក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបន្ទោសទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រអែល សម្រាប់ការបង្កភាពចលាចលនៅក្នុងតំបន់។ «ពួកគេបាន និងកំពុងព្យាយាមទម្លាក់រដ្ឋាភិបាលស្របច្បាប់ ពួកគេចង់បង្កើនភាពចលាចល... ពួកគេចង់បញ្ឆេះភាពអសន្តិសុខ ដើម្បីរក្សាវត្តមានរបស់ពួកគេ ប៉ុន្តែពួកគេនឹងមិនអាចទទួលបានជោគជ័យឡើយ។ វត្តមានខុសច្បាប់របស់សហរដ្ឋអាមេរិក និងការធ្វើអន្តរាគមន៍យោធានៅស៊ីរី គឺមានតែបំផ្លាញដល់ប្រទេស និងប្រជាជនស៊ីរីតែប៉ុណ្ណោះ»។ នេះបើតាមលោក ហាសាន់ រូហានី៕