(វ៉ាស៊ីនតោន)៖ សេតវិមានបានប្រកាសថា ពុំមានកាលបរិច្ឆេទជាក់លាស់ណាមួយ សម្រាប់ការដកកងទ័ពអាមេរិក ចេញពីទឹកដីស៊ីរីឡើយ ទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញភាពអន្ទះអន្ទែងជាច្រើនលើក ក្នុងការនាំយកកងទ័ពរបស់លោក ចេញពីប្រទេសដែលបាន និងកំពុងហែកហួរដោយសង្រ្គាម នៅតំបន់មជ្ឈិមបូព៌ាមួយនេះ យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន អ្នកនាំពាក្យលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បាននិយាយថា លោកប្រធានាធិបតី នឹងមិនកំណត់កាលបរិច្ឆេទជាក់លាក់មួយនោះឡើយ ដោយលោកកំពុងតែស្ទាបស្ទង់មើល ស្ថានភាពជ័យជម្នះក្នុងសមរភូមិនៅទីនោះ គឺពុំមែនចេះតែដាក់ដាក់ថ្ងៃកំណត់ផ្តេសផ្តាសនោះទេ។
កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងទៀតនូវគោលបំណងរបស់លោក ក្នុងការនាំយកកងទ័ពអាមេរិក ត្រឡប់មកពីស៊ីរីវិញ ឲ្យបាននៅពេលឆាប់ៗខាងមុខនេះ ដោយថាវត្តមានរបស់យោធាសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ាបែបនេះ ពុំបានផ្តល់ប្រយោជន៍អ្វីក្រៅពីសេចក្តីស្លាប់ និងវិនាសហិនហោច ហើយត្រូវចំណាយថវិកាច្រើនថែមទៀត។
គួរបញ្ជាក់ថា ទន្ទឹមនឹងនោះ ក្រសួងការពារជាតិព្រមទាំងក្រសួងការបរទេសអាមេរិក បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងយូរអង្វែងទៀត គឺចាំបាច់ដើម្បីកម្ចាត់ក្រុមភេរវករ ISIS ឲ្យបានទាំងស្រុង និងពុំឲ្យមានឱកាសងើបឡើងវិញបាន។ ដោយឡែកគិតមកទល់ពេលនេះ កងទ័ពអាមេរិកប្រហែល ២,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី៕