(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលរបស់អាមេរិក Boeing ទីបំផុតបានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង អំពីបញ្ហាវិវាទផ្នែកពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងបន្តប្រព្រឹត្តទៅដោយគ្មានភាពធូរស្បើយ ហើយទំនងជានឹងកាន់តែតានតឹង រហូតផ្ទុះចេញជាសង្រ្គាមពាណិជ្ជកម្មដ៏ធំមួយ ដែលនឹងជះផលអវិជ្ជមាន ដល់ឧស្សាហកម្មផលិតយន្តហោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ក្រុមហ៊ុន Boeing បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា សមរភូមិដំឡើងថ្លៃពន្ធរវាងសហរដ្ឋអាមេរិក និងចិន អាចបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មផលិតយន្តហោះនៅទូទាំងពិភពលោក។ ដោយព្រួយបារម្ភខ្លាំង ពីការអាចផ្ទុះសង្រ្គាមពាណិជ្ជកម្ម Boeing បានបញ្ជាក់ថា វិស័យឧស្សាហកម្មផលិតយន្តហោះ ដែលមានភាពរឹងមាំ និងរស់រវើក គឺសំខាន់ខ្លាំងណាស់ សម្រាប់វិបុលភាពសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ប្រទេសទាំងពីរ។ ក្រុមហ៊ុន Boeing ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា កិច្ចពិភាក្សានឹងបន្តកើតមាន រវាងរដ្ឋាភិបាលអាមេរិក និងចិន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរ នៅក្នុងពិភពលោក។
គួរជម្រាបថា ក្នុងការឆ្លើយតបចំពោះ ផែនការដំឡើងថ្លៃពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើទំនិញនាំចូលរបស់ចិនចំនួន ១,៣០០មុខ ដែលមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ទីក្រុងប៉េកាំង បានព្រមានចាត់វិធានការដំឡើងពន្ធក្នុងអត្រា ២៥ភាគរយ ទៅលើទំនិញនាំចូលរបស់អាមេរិក ដែលមានតម្លៃ ៥០ពាន់លានដុល្លារដូចគ្នាវិញ។ ទំនិញនាំចូលទាំង ១០៦មុខរបស់អាមេរិក រួមមានសណ្តែកសៀង គ្រឿងគីមី និងយន្តហោះជាដើម។ ពាក់ព័ន្ធនឹងយន្តហោះគឺ យន្តហោះធុនដ៏ល្បី និងលក់ដាច់ជាងគេរបស់ Boeing គឺ 737 ក៏នៅជាប់ក្នុងបញ្ជីដំឡើងពន្ធនាំចូលរបស់ចិនផងដែរ៕