(ម៉ូស្គូ)៖ ក្រុមសមាជិកតំណាងរាស្ត្ររុស្ស៊ីក្នុងទីក្រុង សាន់ ភីធើស្បឺក (St. Petersburg) បានអនុម័តហើយ លើការធ្វើវិសោធនកម្មច្បាប់នៅក្នុងតំបន់ ស្ដីពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម ដែលនឹងត្រូវបានអនុញ្ញាត ក្នុងការកសាងសណ្ឋាគារនៅលើផ្ទៃទឹកនៅក្នុងទីក្រុង មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានរុស្ស៊ី TASS ចាប់ពីពេលនេះតទៅ សហគ្រាសខ្នាតតូច និងមធ្យមអាចជួលដីក្នុង ទីក្រុងដើម្បីកសាងសណ្ឋាគារនៅលើទឹក។ ប៉ុន្តែសណ្ឋាគារថ្មីទាំងអស់ មិនគួរពង្រីកទីតាំងលើសពីការកំណត់ឡើយ។
គួរបញ្ជាក់ថា សណ្ឋាគារនៅលើទឹកចំនួនបីដំបូងគេ នឹងលេចរូបរាងឡើងនៅក្នុងទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីរ បន្ទាប់ពីទីក្រុងម៉ូស្គូ មានប្រជាជនរស់នៅជាង ៥.៣លាននាក់ យ៉ាងយូរនៅក្នុងឆ្នាំ២០១៨នេះ៕